Ashley Cole ថាមានតែកីឡាករពីររូប ដែលតែងជាបេក្ខភាពប្រជែងពាន Ballon d’Or

Lionel Messi និង Cristiano Ronaldo មិនត្រូវបានមើលរំលង សំរាប់ពាន Ballon d’Or នោះទេ នេះបើតាមការលើកឡើងរបស់ Ashley Cole ហើយអតីតកីឡាករក្រុម Chelsea រូបនេះ រំពឹងថា ខ្សែការពារនឹងអាចឈ្នះពានមួយនេះឆាប់ៗ។

Messi បានឈ្នះពាន Ballon d’Or លើកទី៦របស់ខ្លួន ដែលលើសគូប្រជែងដ៏ស្វិតស្វាញរបស់ខ្លួនគឺ Ronaldo ដែលឈ្នះពាននេះបាន៥លើក នៅពេលដែលរូបគេបានយកឈ្នះ Virgil van Dijk ទាំងប្រផុតប្រផើយ។

ខ្សែការពារហូឡង់ Van Dijk បានក្លាយជាកីឡាករសំខាន់មួយរូបរបស់ក្រុមហង្សក្រហម ចាប់តាំងពីចាកចេញពី Southampton មកចូលរួមនៅទឹកដី Anfield ហើយរូបគេបានជួយឲ្យក្រុមដែលដឹកនាំដោយលោក Jurgen Klopp ឈ្នះពាន Champions League កាលពីរដូវកាលមុន។

ហើយអតីតខ្សែការពារ Cole ចង់ឃើញខ្សែការពារមានឱកាសឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំ ជាលើកដំបូង ចាប់តាំងពីខ្សែការពារ Fabio Cannavaro ទទួលបានកាលពីឆ្នាំ ២០០៦។

លោក Cole បានថ្លែងប្រាប់ Omnisport ថា៖ “វាមានការពិបាក។ អ្នកចង់បានតំណែងផ្សេងប្រហែលជា ត្រូវការការលើកតំលៃ សំរាប់ទម្រង់លេងរបស់គេនៅក្នុងរដូវកាលនោះ ប៉ុន្ដែ បើនិយាយដោយត្រង់ទៅ ខ្ញុំមិនគិតថា អ្នកអាចមើលរំលង Messi និង Ronaldo បាននោះទេ។

“អ្វីដែល Messi ធ្វើពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ពិតជាមិនធម្មតានោះទេ។ Ronaldo ក៏ដូចគ្នាផងដែរ។ វាគ្មានអ្វីត្រូវភ្ញាក់ផ្អើលឡើយដែល Messi ឈ្នះវា ប៉ុន្ដែនៅថ្ងៃមួយ យើងប្រហែលជាចង់ឲ្យខ្សែការពារឈ្នះវាម្ដង។”

ប្រភព៖ Be Soccer

អានអត្ថបទបន្ទាប់៖ អតីតកូនក្រុមសំណព្វចិត្តរបស់លោក Mourinho ច្រានចោលចចាមអារ៉ាម ក្នុងការផ្ទេរមក Spurs

Marouane Fellaini បានច្រានចោលការផ្ទេរមកកាន់ Tottenham នៅខែមករានេះ បន្ទាប់ពីមានចចាមអារ៉ាមមួយចំនួន បានលើកឡើងថា រូបគេនឹងមករួមរស់ជាមួយអតីតគ្រូបង្វឹក Jose Mourinho។

ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះ បច្ចុប្បន្នកំពុងលេងឲ្យក្លឹបចិន Shandon Luneng កាលពីខែកុម្ភៈក្រោយចាកចេញពី Manchester United ២ខែក្រោយពីលោក Mourinho ត្រូវបានបណ្ដេញចេញពីតំណែង។

អ្នកទាំងពីរ មានទំនាក់ទំនងល្អជាមួយគ្នា សំរាប់ការចំណាយពេលនៅទឹកដី Old Trafford ហើយមានចចាមអារ៉ាមថា លោក Mourinho កំពុងរកវិធីដើម្បីជួបជុំ អតីតកូនសិស្សសំណព្វចិត្តរូបនេះ នៅក្លឹបមាន់ខ្នាយមាស។

ទោះយ៉ាងណាក្ដី Fellaini បានច្រានចោលចចាមអារ៉ាមនេះ សំរាប់ការផ្ទេរមកនៅខែមករា ប៉ុន្ដែរូបគេបានបង្ហើបថា គេនឹងគ្រូបង្វឹករូបនេះ នៅតែមានទំនាក់ទំនងល្អនឹងគ្នា។

Fellaini បានថ្លែងប្រាប់ Eleven Sports ថា៖ “Jose គឺពិសេសសំរាប់ខ្ញុំ។ យើងផ្ដោះប្ដូរសារជាមួយគ្នា យើងបានទាក់ទងគ្នាទៅវិញទៅមក។ គាត់កាន់តំណែងនៅ Spus ហើយគាត់ដឹកនាំក្រុមបានល្អ។ ខ្ញុំជូនពរគាត់ ប៉ុន្ដែខ្ញុំរីករាយនៅទីដែលខ្ញុំកំពុងនៅពេលនេះ។”

ប្រភព៖ Goal