ជើងចាស់ De Boer ប្រាប់កុំអោយ De Ligt ផ្លាស់ទៅ PSG ហើយពិចារណាជំរើសក្លឹបធំពីរ នៅអឺរ៉ុប

ខ្សែការពារ Matthjis de Ligt មិនទាន់បានប្រកាសពីការសំរេចចិត្តរបស់ខ្លួន ថានឹងផ្ទេរទៅកាន់ក្លឹបណាមួយឡើយ រហូតដល់រូបគេត្រលប់ពីវិស្សមកាល នៅរដូវក្ដៅនេះសិន ហើយមិនទាន់មានភាពច្បាស់ការណ៍នៅឡើយទេ ថាតើកីឡាកររបស់ក្លឹប Ajax រូបនេះ ចូលរួមជាមួយនឹងមិត្ដជិតស្និទ្ធ Frenkie de Jong ក្នុងការផ្ទេរមកកាន់ Barcelona ឬ យ៉ាងណានៅឡើយទេ។

អតីតខ្សែបម្រើហូឡង់ លោក Ronaldo de Boer បាននិយាយពីការសំរេចចិត្តរបស់កីឡាកររួមជាតិរបស់លោក។ លោក De Boer បានលើកឡើងថា៖ “ខ្ញុំមិនគិតថា វាជាជម្រើសល្អបំផុតសំរាប់គេ ក្នុងការផ្លាស់ទៅចូលរួម ជាមួយនឹង Paris Saint-Germain នោះទេ។

“ពួកគេជាក្រុមធំ ប៉ុន្ដែ ពួកគេមិនស្ថិតនៅក្នុងចំណោមក្លឹបកំពូល ហើយរបៀបលេងរបស់គេ មិនអាចអភិវឌ្ឍនៅទីនោះបានទេ។ ខ្ញុំដឹងច្បាស់ថា [Manchester] City ឬ Barcelona គឺជាជម្រើសល្អបំផុត សំរាប់ទម្រង់លេងរបស់គេ។

“គេជាកីឡាករដែលមានទេពកោសល្យច្រើន ហើយទើបតែបញ្ចប់រដូវកាលមួយដ៏អស្ចារ្យ។ របៀបលេងរបស់គេ ច្បាស់ជាសក្ដិសមលេងនៅ Barcelona ព្រោះវាមិនសូវខុសគ្នាពីនៅ Ajax ឡើយ។ គេនឹងជោគជ័យនៅទីនោះ។”