ជើងចាស់ Ferdinand ថាមានតែគ្រូបង្វឹកម្នាក់នេះគត់ ដែលសក្ដិសមដឹកនាំតោខៀវជំនួសលោក Sarri

អតីតខ្សែការពាររបស់ Manchester United លោក Rio Ferdinand បានអះអាងថា មានតែលោក Frank Lampard ប៉ុណ្ណោះ ដែលសក្ដិសមក្នុងការគ្រងតំណែង ជាអ្នកចាត់ការក្លឹបបន្ទាប់របស់ Chelsea បើសិនលោក Maurizio Sarri ចាកចេញ។

លោក Sarri អាចនឹងផ្លាស់ទៅដឹកនាំ Juventus ហើយការប្រកាសជាផ្លូវការ អាចនឹងធ្វើឡើងនៅចុងសប្ដាហ៍ខាងមុខនេះ ដែលមានន័យថា Chelsea ត្រូវស្វែងរកគ្រូបង្វឹកថ្មីមកជំនួស។

ដោយឡែកលោក Lampard មានបទពិសោធន៍តែ ១២ខែប៉ុណ្ណោះ ក្នុងការងារជាគ្រូបង្វឹកនៅ Derby County ប៉ុន្ដែអតីតមិត្តរួមក្រុមជម្រើសជាតិអង់គ្លេស Ferdinand ជឿជាក់ថា លោកជាជម្រើសដ៏ត្រឹមត្រូវក្នុងការជំនួសតំណែងគ្រូបង្វឹកសញ្ជាតិអ៊ីតាលីនៅទឹកដី Stamford Bridge។

លោក Ferdinand បាននិយាយថា៖ “គាត់ជាជម្រើសដ៏ល្អបំផុត។ គេតែងនិយាយពីបទពិសោធន៍ ប៉ុន្ដែ តើបទពិសោធន៍អ្វីដែល Pep Guardiola មាន ពេលដែលគាត់ មកដឹកនាំឈុតធំរបស់ Barcelona?  គាត់បានបង្វឹកកីឡាករក្មេងៗរបស់ក្លឹប។

“Frank យល់ពីក្លឹប ហើយគាត់ស្គាល់កីឡាករ ហើយកីឡាករនឹងគោរពគាត់ផងដែរ។ ដូចដែលអ្នកបានឃើញ ពីអកប្បកិរិយារបស់គាត់នៅមុខអ្នកពត៌មាន ហើយនៅក្នុងក្លឹបបាល់ទាត់ ដោយអាចផ្លាស់ប្ដូររឿងជាច្រើន ត្រឹមមួយរដូវកាល។

“យើងបានឃើញនៅ Derby ដែលជាក្លឹបតូចមួយ ប៉ុន្ដែយើងបានឃើញអ្វីដែលគាត់បានធ្វើ។ ខ្ញុំពិតជាភ្ញាក់ផ្អើលបើ ពួកគេជ្រើសរើសគ្រូបង្វឹកផ្សេង។”

ប្រភព៖ Daily Mail