ជើងចាស់ Ferdinand ទាយក្រុមដែល Declan Rice នឹងចូលរួមបើចាកចេញពី West Ham តែមិនមែន Man United

Rio Ferdinand បង្ហាញការយល់ឃើញថា ខ្សែបម្រើការពារ Declan Rice គួរផ្លាស់ទៅ Chelsea ជាង Manchester United បើចាកចេញពី West Ham United នៅរដូវក្ដៅខាងមុខនេះ។

កីឡាករដែលធ្លាប់លេងនៅឈុតថ្នាលរបស់ក្លិបតោខៀវ បានបង្ហាញទម្រង់លេងល្អ ក្រោមការដឹកនាំដោយលោក David Moyes ហើយទទួលបានឱកាសចូលលេងនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស របស់លោក Gareth Southgate ផងដែរ។

ដោយសារទម្រង់លេងល្អរបស់កីឡាករវ័យ២១ឆ្នាំរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ពីអតីតក្លិបរបស់គេ ហើយគេត្រូវបានកំណត់ជាគោលដៅសំខាន់បំផុតក្នុងការនាំយកមកកាន់ទឹកដី Stamford Bridge នៅរដូវក្ដៅខាងមុខ។

ដោយឡែកក្រុមបិសាចក្រហម Manchester United ត្រូវបានបានរាយការណ៍ថា ក៏មានការចង់បានកីឡាកររូបនេះផងដែរ ខណៈក្លិបញញួរធំ បានកំណត់តម្លៃ៨០លានផោន បើចង់បានខ្សែបម្រើឆ្នើមរូបនេះ។

ប៉ុន្ដែអតីតខ្សែការពារក្រុមបិសាចក្រហមលោក Ferdinand យល់ថា Chelsea ជាក្លិបដែលមានសង្ឃឹមច្រើនជាង ក្នុងការនាំយក Rice មកចូលក្រុម។

លោក Ferdinand បាននិយាយថា៖ “ខ្ញុំមិនគិតថា គេនឹងចាកចេញនៅក្នុងការដោះដូរពេលនេះទេ។ ខ្ញុំគិតថាគេបន្ដស្នាក់នៅទីនោះដល់ចប់រដូវកាល។ គេនឹងចាកចេញនៅរដូវក្ដៅ ហើយខ្ញុំគិតថា ក្លិបដែលគេចង់ផ្លាស់ទៅគឺ Chelsea”៕

ប្រភព៖ talkSPORT

អានអត្ថបទបន្ទាប់៖ Juventus ឡើងដល់វគ្គ១/៤ផ្ដាច់ព្រ័ត្រ Coppa Italia ក្រោយយកឈ្នះ Genoa នៅម៉ោងបន្ថែម

ទោះមានឱកាសរកគ្រាប់បាល់នាំមុខទៅលើ Genoa ២គ្រាប់មុន ប៉ុន្ដែ Juventus បានឡើងទៅវគ្គ៨ក្រុមចុងក្រោយ Coppa Italia ដោយការរកគ្រាប់បាល់ជ័យជម្នះនៅម៉ោងបន្ថែម ក្នុងការប្រកួតកាលពីយប់មិញ ដោយលទ្ធផល ៣-២។

ខ្សែប្រយុទ្ធវ័យក្មេង Dejan Kulusevski បានរកគ្រាប់បាល់នាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះ Juventus នៅ៩០វិនាទីដំបូងនៃការប្រកួត ហើយបញ្ជូនឱ្យ Alvaro Morata រកបានមួយគ្រាប់បន្ថែមទៀត។

ប៉ុន្ដែក្រុមភ្ញៀវ Genoa មានឱកាសរកគ្រាប់បាល់តាមស្មើដោយ ការតែតបញ្ចូលទីរបស់ Lennart Czyborra ហើយ១៥នាទីចុងក្រោយនៃតង់ទី២ ខ្សែបម្រើ Filippo Melegoni បានរកគ្រាប់បាល់តាមស្មើ ទើបនាំឱ្យមានការប្រកួតនៅម៉ោងបន្ថែម។

កីឡាករវ័យ២១ឆ្នាំ Hamza Rafia ជាវីរបុរសនៃការប្រកួត ដោយរកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមដឹកនាំដោយលោក Andrea Pirlo នៅនាទីទី១០៤៕