ជើងចាស់ Keown ថាដោយសារតែកីឡាករពីររូបនេះ ទើបធ្វើឲ្យ Ramsey ដើរចេញពី Arsenal

វិរបុរសក្លឹបកាំភ្លើងធំ Arsenal លោក Martin Keown មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលកីឡាករ Aaron Ramsey ត្រូវបានអនុញ្ញាតឲ្យផ្លាស់ប្តូរទៅកាន់ក្រុម Juventus ដោយឥតគិតថ្លៃ និងបានប្រាប់ឈ្មោះកីឡាករពីររូប ដែលពាក់ព័ន្ធនឹងការដើរចេញរបស់ខ្សែបម្រើរូបនេះ ។

ជាក់ស្តែងគ្រូបង្វឹកលោក Unai Emery ចង់រក្សាកីឡាករវ័យ 28 ឆ្នាំនេះ ខណ:មានការរំពឹងខ្ពស់ថា Ramsey បានផ្សាភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅលេងជាមួយកីឡាករ Cristiano Ronaldo និង Paulo Dybala នៅទឹកដី Serie A ជាមួយក្រុម Juve ។

តែយ៉ាងណាមិញលោក Keown ជឿជាក់ថាការកីឡាករ Pierre-Emerick Aubameyang និង Alexandre Lacazette អាចជាហេតុផលពិតប្រាកដនៃការចាកចេញរបស់កីឡាករ Ramsey ។

មិនតែប៉ុណ្ណោះលោក Keown  បាននិយាយទៅកាន់ Daily Mail ថា ៖ ” Ramsey បានធ្វើឱ្យខ្លួនឯងមានលេចធ្លោយ៉ាងខ្លាំងនៅរដូវកាលនេះ ប៉ុន្តែវាជារឿងគួរអោយភ្ញាក់ផ្អើលដែល Arsenal មិនអាចរក្សាតារាឆ្នើមរបស់ពួកគេរូបនេះ ” ។

លោកបន្តទៀតថា ៖ ” ក្រុមនេះនៅតែមានការរីកចម្រើនឆ្ពោះទៅមុខជានិច្ច ។ កីឡាករ Pierre-Emerick Aubameyang និង Alexandre Lacazette គឺល្អគ្រប់គ្រាន់សម្រាប់ក្រុមនេះ ដែលជាហេតុធ្វើឲ្យកីឡាករផ្សេងទៀតមិនអាចឈរជើងបាន ” ៕

ប្រភព: Mirror