ជើងចាស់ Materazzi ប្រាប់ឈ្មោះកីឡាករ ៣ រូប ដែលលោកគិតថាជាខ្សែការពារកណ្តាលល្អបំផុតលើលោក

យោងតាមលោក Marco Materazzi បាននិយាយថាខ្សែការពារក្លឹប Napoli កីឡាករ Kalidou Koulibaly គឺជាខ្សែការពារកណ្តាលមួយក្នុងចំណោមខ្សែការពារកំពូលទាំងបីនៅលើពិភពលោក តែមិនមាន Virgil van Dijk នោះទេ ។

ជាក់ស្តែងអតីតខ្សែការពារក្រុម Everton រូបនេះមិនយល់ថាកីឡាករសញ្ជាតិហូឡង់រូបនេះ ស្ថិតនៅក្នុងបញ្ជីខ្សែការពារកណ្តាលដ៏ល្អបំផុតទាំងបីរបស់គាត់ទេ ដែលមានដូចជាកីឡាករ Koulibaly, Sergio Ramos និង Alessio Romanogli របស់ក្លឹប AC Milan ។

យ៉ាងណាមិញនៅពេលគេសួរថា តើអ្នកណាដែលជាខ្សែការពារល្អបំផុតនៅលើពិភពលោក? លោក Materazzi  ឆ្លើយតបទៅកាន់ Suning PPSports វិញថា : « ខ្ញុំគិតថាឥឡូវនេះ ក្នុងចំណោមកីឡាករនៅតំបន់ការពារកណ្តាលដ៏ខ្លាំងក្លាបំផុតគឺមាន Koulibaly, Sergio Ramos និង Romagnoli » ។

គួរបញ្ជាក់ថា Koulibaly ត្រូវបានគេចាត់ទុកជាតារាដ៏ឆ្នើមម្នាក់នៅក្នុងក្របខណ្ឌ Serie A ខណ:ក៏កំពុងផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Manchester United នៅរដូវក្តៅខាងមុខនេះផងដែរ ចំណែកឯ Ramos បានក្លាយជាតារាកំពូលមួយរូបនៅឯក្រុម Real Madrid ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ៕

ប្រភព: Mirror

មតិយោបល់