ជើងចាស់ Merson ប្រាប់ឈ្មោះគ្រូបង្វឹកនៅ PL ម្នាក់ ដែលសក្តិសមមកជំនួសលោក Sarri នៅ Chelsea

អតីតជើងចាស់អង់គ្លេសលោក Paul Merson  ជឿជាក់ថាប្រធានក្លឹប Chelsea លោក Roman Abramovich គួរតែនាំយកគ្រូបង្វឹកក្រុម Bournemouth លោក Eddie Howe មកជំនួសតំណែងរបស់លោក Sarri នៅរដូវកាលក្រោយនេះ ។

ជាក់ស្តែងលោក Sarri បានរងនូវរដូវកាលដំបូងដ៏ខកចិត្តមួយនៅកីឡដ្ឋាន Stamford Bridge ខណ:ក្រុមតោខៀវស្ថិតនៅចំណាត់ថ្នាក់លេខ ៥ និងកំពុងប្រឈមនឹងការប្រកួតប្រជែងដ៏លំបាក ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់ក្រុមលំដាប់កំពូលទាំង ៤ នៃក្របខណ្ឌ Premier League ។

តែទោះជាយ៉ាងណាក៏ដោយក្រុមតោខៀវ Chelsea នៅតែអាចមានសិទ្ធិចូលលេងក្នុងក្របខ័ណ្ឌ Champions League នៅឆ្នាំក្រោយ ប្រសិនបើពួកគេអាចឈ្នះពានរង្វាន់ Europa League ដោយបច្ចុប្បន្នពួកគេកំពុងស្ថិតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីទទួលជ័យជម្នះលើក្រុម Slavia Prague ។

គួរបញ្ជាក់ផងដែរថាលោក Sarri ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពីក្រុម Chelsea ហើយវីរបុរសក្រុម Arsenal លោក Merson គិតថាគ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះនៅតែអាចត្រូវបានបណ្តេញចេញដោយប្រធានក្លឹបលោក Abramovich ។

លើសពីនេះដោយប្រាប់ទៅកាន់ទូរទស្សន៍ Sky Sports លោក Merson បាននិយាយថា ៖ ” ប្រសិនបើប្រធានក្លឹបលោក Roman Abramovich នៅតែស្ថិតក្នុងក្រុម Chelsea បន្តទៀត ហើយគាត់មិនលក់ក្លឹបនេះទេ លោក Eddie Howe អាចត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុម Chelsea ” ៕

ប្រភព: Metro 

មតិយោបល់