ជើងចាស់ Rivaldo ណែនាំឲ្យ Bale ផ្ទេរមកក្លឹបអង់គ្លេសមួយនេះសិន មុនប្រកបអាជីពនៅអាមេរិក

អតីតតារាឆ្នើមប្រេស៊ីលលោក Rivaldo បានជម្រុញឲ្យ ខ្សែប្រយុទ្ធ Gareth Bale ចាកចេញពីក្លឹប Real Madrid ហើយផ្លាស់ទៅលេងនៅក្លឹបអង់គ្លេស Newcastle United វិញ។

មានចចាមអារ៉ាមមិនចេះដាច់ ដែលបានចុះផ្សាយថា Bale នឹងចែកផ្លូវគ្នាពីក្លឹបយក្សអេស្ប៉ាញ ដោយសារភាពមិនចុះសម្រុងជាមួយនឹងគ្រូបង្វឹក Zinedine Zidane និង ការខ្វះភាពជិតស្និទ្ធជាមួយមិត្តរួមក្រុម។

ហើយលោក Rivaldo យល់ឃើញថាក្លឹបសារិកាព្រៃ ដែលអនាគតម្ចាស់ក្លឹបថ្មីមានទ្រព្យសម្បត្តិហូរហៀរ អាចមានលទ្ធភាពចំណាយទិញខ្សែប្រយុទ្ធសញ្ជាតិវេលស៍រូបនេះមកចូលក្រុមរបស់ខ្លួនបាន។

អតីតខ្សែប្រយុទ្ធប្រេស៊ីលបាននិយាយថា៖ “មានចចាមអារ៉ាមដែលថា Gareth Bale ទទួលបានសំណើពីក្លឹបនៅ MLS ហើយថាគេកំពុងអន្ទះសារក្នុងការផ្ទេរទៅសហរដ្ឋអាមេរិកឆាប់ៗ ប៉ុន្ដែខ្ញុំនៅតែគិតថា គេមិនទាន់មានអ្វីដែលត្រូវបង្ហាញនៅឡើយទេ ក្នុងពិភពបាល់ទាត់អឺរ៉ុប នៅក្នុងវ័យ៣០ឆ្នាំ មុនពេលផ្លាស់ទៅ MLS។”

“ខ្ញុំជឿថាអាជីពរបស់គេនៅ Real Madrid គឺឈានដល់ពេលបញ្ចប់ ដោយសារឱកាសរបស់គេនៅក្នុងជម្រើស១១នាក់ដំបូងគឺត្រូវបានកំណត់ ជាពិសេសជាមួយនឹងកីឡាករចំណូលថ្មី នៅរដូវក្ដៅនេះ។ ក្លឹបលែងមានទំនុកចិត្តលើរូបគេ ជាកីឡាករសំខាន់ បន្ទាប់ពីបញ្ហាផ្ទៃក្នុងមួយចំនួន ប៉ុន្មានឆ្នាំចុងក្រោយនេះ។”

លោកបានបន្ដថា៖ “សម្រាប់ហេតុផលនេះ ការចាកចេញពី Real Madrid ហាក់ដូចជាអាចធ្វើទៅបាន ប៉ុន្ដែគេគួរតែបន្ដលេងនៅអឺរ៉ុប យ៉ាងហោចណាស់ ២ ទៅ ៣ឆ្នាំទៅមុខទៀត ហើយប្រហែលជាការផ្ទេរមកកាន់ Premier League អាចជាជម្រើសល្អបំផុតសម្រាប់គេនៅពេលនេះ។”

“Newcastle គួរតែទទួលបានលុយច្រើនសន្ធឹកសន្ធាប់នៅក្នុងរដូវក្ដៅនេះ ជាមួយនឹងការមកដល់នៃម្ចាស់ក្លឹបថ្មី ហើយវាអាចជាទិសដៅដ៏ល្អសម្រាប់ Gareth Bale ដោយគេអាចស្ដារមុខមាត់ជាតារាឆ្នើមនៅក្លឹបនេះ ហើយអាចរកប្រាក់ចំណូលបានច្រើនថែមទៀតផង។”

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ កីឡាករឆ្នើមវ័យក្មេង៥រូបនៅ Bundesliga ដែលលេងឲ្យក្រុមក្រៅពី Bayern & Dortmund

ការប្រកួត Bundesliga បានត្រលប់មកកំដរអារម្មណ៍អ្នកគាំទ្របាល់ទាត់សារជាថ្មី កាលពីចុងសប្ដាហ៍មុន បន្ទាប់ពីត្រូវផ្អាកជាច្រើនសប្ដាហ៍ ហើយពេលនេះយើងសូមណែនាំកីឡាករក្មេងៗ ដែលមានសមត្ថភាពខ្ពស់ដែលមិនគួរមើលរំលង។

Kai Havertz

ក្រៅពីកីឡាករដែលមានភាពលេចធ្លោដូចជា Timo Werner និង Kai Havertz រួមទាំងកីឡាករនៅ Bayern Munich និង Borussia Dortmund មានកីឡាករ៥រូប ដែលបានបង្ហាញទម្រង់លេងល្អសម្រាប់រដូវកាលនេះ។

Moussa Diaby / Bayer Leverkusen

Moussa Diaby

ខ្សែបម្រើវ័យ២០ឆ្នាំ ជាកីឡាករដែលញាក់បាល់បានល្អបំផុតនៅក្នុងលីគអាល្លឺម៉ង់នារដូវកាលនេះ ដោយញាក់ដាច់គូប្រកួតបាន ៤,១លើក ក្នុងពេល៩០នាទី ហើយអត្រាដែលជោគជ័យមាន ៦២%។ មិនតែប៉ុណ្ណោះ Diaby មានភាពរីកចំរើនក្នុងការបញ្ចប់ទី និង បញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីផងដែរ។

Milot Rashica- Werder Bremen

Milot Rashica

ខ្សែប្រយុទ្ធស្លាបសញ្ជាតិអាល់បានី រកគ្រាប់បាល់បាន១៦គ្រាប់ ហើយបញ្ជូនឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៩លើក ចាប់តាំងពីដើមរដូវកាល ២០១៨/១៩។ Rashica ជាកីឡាករសំខាន់មួយរូបរបស់ក្រុម Werde Bremen ហើយរូបគេមានសមត្ថភាពខ្ពស់សក្ដិសមផ្ទេរទៅកាន់ក្លឹបធំៗ។

Josip Brekalo – Wolfsburg

Josip Brekalo

នៅក្នុងតំណែងជាខ្សែប្រយុទ្ធស្លាប Brekalo មានសមត្ថភាពក្នុងការបង្កើតឱកាស ផ្ដល់បាល់ assist និង កាត់បាល់ឲ្យមិត្តរួមក្រុមបានល្អ។​ ហើយកីឡាករវ័យ២១ឆ្នាំរូបនេះ អាចត្រូវបានចាត់ទុកថា ជាកីឡាករវ័យក្មេងដែលល្អបំផុត ក្នុងតំណែងរបស់ខ្លួន ក្នុងចំណោមកីឡាករនៅលីគកំពូលៗរបស់អឺរ៉ុប។

Konrad Laimer – RB Leipzig

Konrad Laimer

ខ្សែបម្រើសញ្ជាតិអូទ្រីស មានការគ្រប់គ្រងបាល់បានល្អ ហើយមានសមត្ថភាពក្នុងការចាប់ផ្ដើមការប្រកួត។ គ្រាប់ពេជ្យរបស់ក្រុម RB Leipzig រូបនេះ ក៏ជាកីឡាករម្នាក់ដែល ប្រជែងយកបាល់ពីគូប្រកួតជោគជ័យបានច្រើនបំផុតផងដែរ នៅលីគកំពូលអឺរ៉ុប។

Denis Zakaria – Borussia Monchengladbach

Denis Zakaria

ខ្សែបម្រើសញ្ជាតិស្វីសរូបនេះ ជាកីឡាករដែលអាចរួមចំណែកនៅសម្រាប់តំបន់ការពារ ដោយបានកាក់បាល់គូប្រកួត និង ការពារមួយទល់នឹងមួយដោយជោគជ័យ ហើយ ការបញ្ជូនទៅតំបន់ប្រយុទ្ធក៏រូបគេធ្វើបានល្អផងដែរ៕

ប្រភព៖ Marca