ជំនួប Buriram ​យក​ឈ្នះ Bangkok យប់មិញ លេច​មុខ​វីរបុរស​បាល់ទាត់​មួយ​រូប​ក៏​ចូល​ទស្សនា​ដែរ

Buriram United បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ Bangkok United នៅ​លទ្ធផល ១-០ ចំណេញ ៣ ពិន្ទុ​រុញ​ឲ្យ​ក្រុម​របស់​ខ្លួន​ឡើង​ឈរ​លេខ ២ នៅ Thai Premier League បណ្តោះ​អាសន្ន។

យ៉ាងណាមិញ​ក្នុង​ប្រកួត​កាល​ពី​យប់មិញ​គេ​ក៏​សង្កេត​ឃើញ​វីរបុរស​បាល់ទាត់​អាល្លឺម៉ង់​មួយ​រូប​គឺ​លោក Oliver Kahn បាន​បង្ហាញ​វត្តមាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត។ តាម​ការ​ឲ្យ​ដឹង​រូប​លោក​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជាមួយ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ក្របខ័ណ្ឌ Bundesliga ក្នុង​ប្រទេស​ថៃ ហើយ​គាប់​ជួន​ក៏​សម្រេច​មក​ចូលរួម​ជា​ភ្ញៀវ​ក្នុង​ប្រកួត​ទល់​ក្រុម​ខ្លាំង​ទាំង​ពីរ​នោះ​តែ​ម្តង​ទៅ។

ថ្លែង​ប្រាប់​សារព័ត៌មាន The Nation អ្នកចាំទី​ដៃ​ឯក​ធ្លាប់​លេង​ឲ្យ Bayern Munich តាំង​ពី​ចន្លោះ​ឆ្នាំ ១៩៩៤-២០០៨ បាន​និយាយ​ថា៖ “ខ្ញុំ​មាន​ការ​ចងចាំ​ជា​ច្រើន​សម្រាប់​ការ​លេង​នៅ Bundesliga ដោយ​ខ្ញុំ​ក៏​រីករាយ​នឹង​ចែករំលែក​រឿងរ៉ាវ​ទាំង​នេះ​ជាមួយ​អ្នក​គាំទ្រ​នៅ​ប្រទេស​ថៃ ហើយ​ក៏​អំណរ​គុណ​ដែល​ខ្ញុំ​អាច​ចែករំលែក​ចំណេះដឹង​នាម​ជា​អ្នកចាំទី​លេង​ឲ្យ​ក្រុម​អាល្លឺម៉ង់​និង​ក្របខ័ណ្ឌ​កំពូល​មួយ​ក្នុង​លោក”។

បើស្រលាញ់គាំទ្រទំព័រ Cam-Sport ចាស់ កុំភ្លេចចុច Like ទំព័រថ្មី KhmerSusu ម្នាក់មួយផង ដើម្បីទទួលបានព័ត៌មានកីឡាជាតិនិងនៅអាស៊ីរហ័សបំផុត!

ប្រភព: FoxSportAsia