ជ្រុងរសើប! ១២ រូបនេះ ធ្លាប់រកបាន ៥ គ្រាប់ក្នុងមួយប្រកួត មានម្នាក់ធ្វើបានដល់ទៅ ២ លើក

នៅលើសមរភូមិវាលស្មៅ ការរកគ្រាប់បាល់បានច្រើនជាង ៣ គ្រាប់ក្នុងមួយប្រកួត (Hat-trick) គឺពិតជាមិនមានភាពងាយស្រួលនោះឡើយ តែក៏មិនមែនមានន័យថាវាពិបាករហូតដល់ថ្នាក់គ្មានអ្នកធ្វើបាននោះទេ។ ជាក់ស្ដែងកីឡាករខ្លះអាចរកបាន ៤ គ្រាប់ ឯខ្លះទៀតអាចរកបានដល់ទៅ ៥ គ្រាប់ថែមទៀតផង។

រូបតំណាង

ដោយឡែកសម្រាប់អត្ថបទមួយនេះ CamboTrends នឹងនាំអារម្មណ៍មិត្តអ្នកអានឲ្យមកស្គាល់នាមកីឡាករទាំង ១១​ រូបនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់តំបន់អឺរ៉ុបដែលអាចរកបាន ៥ គ្រាប់ក្នុងមួយប្រកួត ហើយក្នុងនោះទៀតសោតក៏មានម្នាក់ដែលអាចធ្វើរឿងដ៏អស្ចារ្យបែបនេះបានដល់ទៅ ២ លើកឯណោះ។

បើចង់ដឹងកាន់តែច្បាស់ សូមក្រឡេកទៅមើលបញ្ជីឈ្មោះកីឡាករដែលមានសមត្ថភាពដ៏កម្រទាំង ១១ រូបនៅខាងក្រោម៖

Alan Shearer

វីរបុរសរូបនេះគឺជាកីឡាករដំបូងបង្អស់ដែលបើកទំព័រប្រវត្តិសាស្ត្រនៃការរកគ្រាប់បាល់ ៥ គ្រាប់ក្នុងមួយប្រកួត ដែលចាប់ផ្ដើមឡើងក្នុងពេលប៉ះគ្នារវាងក្រុម Newcastle និងក្រុម Sheffield កាលពីឆ្នាំ ១៩៩១ ដោយក្រុមសារិកាព្រៃបានលត់ក្រុម Sheffield មិនប្រណីដៃក្រោមលទ្ធផល ៨-០។

Andy Cole

នៅខែមីនា ១៩៩៥ ក្រុមបិសាចក្រហម Manchester United បានទទួលជោគជ័យយ៉ាងធំធេងដែលខ្លួនមិនធ្លាប់មានពីមុនមកជាលើកដំបូង ក្រោយយកជ័យជម្នះទៅលើក្រុម Ipswich Town ក្នុងលទ្ធផល ៩-០។ នៅពីក្រោយជ័យជម្នះដ៏អស្ចារ្យមួយនេះ គឺមានការជួយយ៉ាងខ្លាំងក្លាពីកីឡាករ Andy Cole ដែលអាចបំប៉ោងសំណាញ់ទីគូប្រកួតដល់ទៅ ៥ គ្រាប់ឯណោះ។

Alen Peternac

វីរបុរសរូបនេះវិញគឺជាកីឡាករសញ្ជាតិក្រុអាតតែមួយរូបគត់ដែលអាចបំបែកកំណត់ត្រារកគ្រាប់បាល់បាន​ ៥ គ្រាប់ក្នុងមួយប្រកួតបាន អំឡុងពេលដែលក្រុម Valladolid ប៉ះគ្នាជាមួយនឹងក្រុម Oviedo កាលពីឆ្នាំ ១៩៩៦ ដោយពេលនោះក្រុម Valladolid បានយកឈ្នះក្រោមលទ្ធផល ៨-៣។

Fernando Morientes

Fernando Morientes គឺជាវីរបុរសរបស់ក្រុមស្ដេចស Real Madrid ហើយលោកក៏ជាកីឡាករដែលអាចបំបែកកំណត់ត្រាដ៏អស្ចារ្យមួយនេះផងដែរ ក្នុងជំនួបរវាង Real Madrid និង Las Palmas ក្រោមលទ្ធផល ៧-០ កាលពីខែកុម្ភៈ ២០០២។

Jermain Defoe

កាលពីខែវិច្ឆិកា ២០០៩ ក្លឹបមាន់ខ្នាយមាស Tottenham បានបំបាក់មុខក្រុម Wingan យ៉ាងចាស់ដៃ ដោយបានយកឈ្នះក្រោមលទ្ធផល ៩-១ ដែលក្នុងនោះផងដែរអតីតខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសគឺជាចំណែកដ៏ធំមួយសម្រាប់លត់ក្រុម Wingan បន្ទាប់ពីចំណាយពេលត្រឹមតែ ៧​ នាទីប៉ុណ្ណោះដើម្បីរកបាន Hat-trick និងបន្ថែម ២ គ្រាប់ទៀតនៅចុងម៉ោងដើម្បីបង្គ្រប់គ្រាប់ទី ៥ ។

Dimitar Berbatov

អតីតខ្សែប្រយុទ្ធសញ្ជាតិប៊ុលហ្គារី ក៏ធ្លាប់បំបែកកំណត់ត្រាមួយនេះជាមួយនឹងក្រុមបិសាចក្រហម Manchester United ផងដែរ អំឡុងពេលប៉ះជាមួយនឹងក្រុម Blackburn Rovers កាលពីខែវិច្ឆិកា ២០១០ និងទទួលបានជ័យជម្នះក្រោមលទ្ធផល ៧-១។

Lionel Messi

ដោយឡែក M10 ឯណោះវិញក៏មិនចាញ់ CR7 ប៉ុន្មានដែរ ពោលគឺលោកគឺជាកីឡាករដំបូងគេដែលរកបាន ៥ គ្រាប់ក្នុងជំនួបរវាងក្រុម FC Barcelona និងក្រុម​ Bayer Leverkusen កាលពីខែ មីនា ២០១២ នៅព្រឹត្តិការណ៍ដណ្ដើមពានរង្វាន់អឺរ៉ុប និងបានជួយឲ្យក្រុមយកឈ្នះក្នុងលទ្ធផល ៧-១ ។

Radamel Falcao

អតីតខ្សែប្រយុទ្ធរបស់ក្លឹប At Madrid វិញក៏ធ្លាប់រកបាន ៥ គ្រាប់ផងដែរ អំឡុងពេលដែលក្រុម Atletico Madrid ប៉ះជាមួយក្រុម Deportivo La Coruna កាលពីខែធ្នូ ២០១២ ក្រោមលទ្ធផល ៦-០។

Miroslav Klose

ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះគឺជាអ្នកបើកឆាកដំបូងបង្អស់សម្រាប់ក្រុម Lazio នៅលីគកំពូល Serie A ដែលអាចរកបាន ៥ គ្រាប់ក្នុងមួយប្រកួត អំឡុងពេលប៉ះជាមួយនឹងក្រុម​ Bologna កាលពីខែឧសភា ២០១៣។ លោកក៏ជាកីឡាករដំបូងដែលអាចបំបែកកំណត់ត្រារបស់លោក Roberto Pruzzo ដែលធ្លាប់រកបាន ៥ គ្រាប់ដូចគ្នាកាលពីឆ្នាំ ១៩៨៦។

Cristiano Ronaldo

Cristiano Ronaldo គឺជាកីឡាករតែម្នាក់គត់នៅក្នុងប្រវត្តិសាស្ត្រដែលអាចរកគ្រាប់បាល់បាន ៥ គ្រាប់ដល់ទៅ ២ ប្រកួត ដែលលើកទី ១ គឺជំនួបរវាង Real Madrid និង Granada ក្នុងខែមេសា ២០១៥ ក្រោមលទ្ធផល ៩-១។ ចំណែកឯលើកទី ២ គឺនៅចុងខែមករា ២០១៦ ពេលប៉ះជាមួយនឹងក្រុម Espanyol ក្រោមលទ្ធផល ៦-០។

Robert Lewandoski

ខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich វិញគឺជាកីឡាករមួយរូបដែលបានបង្កើតកំណត់ត្រាដែលមិនធ្លាប់មានពីមុនមក ថែមទាំងធ្វើឲ្យអ្នកគាំទ្រវិស័យបាល់ទាត់ទូទាំងពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីខែកញ្ញា ២០១៥ ខណៈពេលនោះគឺជាជំនួបរវាងក្រុម Bayern Munich និងក្រុម Wolfsburg។

អ្នកគាំទ្រវិស័យបាល់ទាត់ច្បាស់ជាចាំមិនភ្លេចនូវព្រឹត្តិការណ៍ដ៏អស្ចារ្យ នៅពេលដែល Lewandoski ប្រើពេលត្រឹមតែ ៩ នាទីតែប៉ុណ្ណោះដើម្បីរកបានគ្រាប់បាល់ ៥ គ្រាប់ ហើយការប្រកួតបានបញ្ចប់ទៅក្រោមលទ្ធផល ៥-១។

Sergio Aguero

នៅថ្ងៃទី ០៣ ខែតុលាកាលពីឆ្នាំ ២០១៥ ក្រុម Manchester City បានលត់ក្រុមសារិកាព្រៃ Newcastle យ៉ាងចាស់ដៃនៅក្នុងទឹកដី Etihad Stadium របស់ខ្លួនក្នុងលទ្ធផល ៦-១។

គួររំលឹកដែរថា ក្នុងជំនួបពេលនោះគឺក្រុមសារិកាព្រៃជាអ្នកបើកឆាកនាំមុខមួយគ្រាប់មុននៅនាទីទី ១៨ ដោយកីឡាករ Aleksandar Mitrovic តែត្រូវបានខ្សែប្រយុទ្ធ Sergio Aguero រកគ្រាប់បាល់តាមស្មើវិញហើយថែមទាំងបន្តបំប៉ោងសំណាញ់ទីជាប់ៗគ្នារហូតដល់ទៅ ៥ គ្រាប់ដោយចំណាយពេលត្រឹមតែ ២៣ នាទីប៉ុណ្ណោះ។

កំណត់ត្រារបស់ Aguero ត្រូវបានគេចាត់ទុកថាជា ការរកគ្រាប់បាល់ ៥ គ្រាប់បានលឿនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃលីគកំពូលអង់គ្លេស EPL ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩២ មកម៉្លេះ៕

ប្រភព: sofascore

អានអត្ថបទបន្ទាប់៖ Real បង្វែរគោលដៅពី Mbappe សម្លឹងឃើញជើងស៊ុតនៅ PL មួយរូបនេះវិញ

កាលពីពេលកន្លងទៅនេះ ក្លឹបយក្សអេស៉្បាញ Real Madrid ធ្លាប់បានតាមចែចូវតារាឆ្នើម Kylian Mbappe របស់ PSG អស់រយៈពេលយូរក្រែលដែរមកហើយ។ តែយ៉ាងណាមិញ យោងទៅតាមរបាយការណ៍ដែលទើបនឹងទទួលបានមកពីគេហទំព័រ Le 10 Sport រាយការណ៍ថា Real Madrid ហាក់មិនសូវមានសង្ឃឹមក្នុងការនាំយក Mbappe មកបានទេសម្រាប់រដូវកាលនេះ ដោយត្រូវចាំរហូតដល់ឆ្នាំ ២០២១​។

Kylian Mbappe 

ហេតុដូចនេះហើយ ក៏លេចលឺនូវពាក្យចចាមអារ៉ាមថា ក្លឹបស្ដេចសបានបង្វែរគោលដៅមករកម៉ាស៊ីនរកគ្រាប់មួយរូបនៅក្របខណ្ឌ Premier League វិញម្ដង។ កីឡាករដែលត្រូវបានម្ចាស់ដី Bernabeu ដាក់រ៉ាដាកំណត់យកបន្ទាប់ពី Mbappe នោះគឺ Sadio Mane នៅក្រុមហង្សក្រហម Liverpool។

Sadio Mane
Sadio Mane

យោងទៅតាមប្រភពដដែលបានបញ្ជាក់យ៉ាងច្បាស់ថា R.Madrid កំពុងតែរកមធ្យោបាយដើម្បីធ្វើយ៉ាងណានាំយកម្ចាស់ពានរង្វាន់ស្បែកជើងមាសមកលេងនៅក្រុមខ្លួនឲ្យខាងតែបាន ហើយបើទោះបីជាតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំមានតម្លៃលើស ១០០ លានផោនក៏ត្រូវតែទិញយកមកដែរ។

Sadio Mane, Mohamed Salah, Pierre-Emerick Aubameyang

គួរបញ្ជាក់ផងដែរថា Sadio Mane បានក្លាយខ្លួនជាម្ចាស់ពានរង្វាន់ស្បែកជើងមាសកាលពីរដូវកាលមុនពោលគឺ ២០១៨/១៩ ជាមួយនឹងកីឡាករ ២ រូបផ្សេងទៀតគឺមិត្តរួមក្រុម Mohamed Salah និងខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុមកាំភ្លើងធំ Arsenal ក្រោយរកបាន ២២ គ្រាប់ដូចគ្នានៅក្របខណ្ឌ Premier League៕

ប្រភព: Sportsmole