ដក​ចោល​លោក Perez និង​ប្រើ​វិធី ២ យ៉ាង​នេះ​ទើបជួយ R.Madrid អាច​ងើប​រួច​ពី​រណ្ដៅ​មរណៈ

Real Madrid បាន​រង​បរាជ័យ​យ៉ាង​ពេញ​ទំហឹង​នា​រដូវ​កាល ២០១៨/១៩ នេះ​មិន​ថា​តែ​ប្រកួត​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ។ ដោយ​កន្លង​ទៅ​នៅ​ប្រកួត​វគ្គ ៣២ ក្រុម​ជម្រុះ​ក្នុង​ពូល​ក្រុម​អធិរាជ​ស​បាន​ចាញ់​ពិន្ទុ​ក្រុម​រុស្ស៊ី CSKA Moscow ទាំង​ពីរ​ជើង ជាមួយ​កន្លង​ទៅ​ក៏​ទើប​តែ​ចាញ់ Real Sociedad យ៉ាង​អាម៉ាស់​ថែម​ទៀត។

ការ​ដាក់​លោក Solari មក​ធ្វើ​ជា​អ្នកចាត់ការ​បណ្តោអាសន្ន​បន្ទាប់​ពី​លោក Julen Lopetegui មិន​ទាន់​ជា​ដំណោះស្រាយ​ពេញលេញ​នោះ​ឡើយ​សម្រាប់​ក្រុម​ការពារ​ជើង​ឯក។ បើ​យោង​តាម​សារព័ត៌មាន Sportskeeda បាន​បង្ហាញ​នូវ​ ៣ ចំណុច​ដែល​អាច​ស្រោចស្រង់​ក្រុម​មួយ​នេះ​ពី​បញ្ហា​ដែល​កំពុង​ប្រឈម:

១.រក​អ្នក​ថ្មី​មក​ជំនួស​ប្រធាន​ក្លឹប​លោក Florentino Perez:


Perez បាន​ដឹកនាំ​ Madrid អស់​រយៈ​ពេល​ជា​យូរ​ណាស់​មក​ហើយ ដោយ​កំហុស​ឆ្គង​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្រ្ត​គឺ​ការ​ដែល​មិន​អាច​រក្សា​វត្តមាន Cristiano Ronaldo ឲ្យ​បន្ត​នៅ​ក្លឹប​ជាមួយ​ខ្លួន​បាន​ត​ទៅ​ទៀត។ លើស​ពី​នេះ​លោក​ក៏​ជា​ដើមចម​ដែល​ធ្វើ​ឲ្យ Zidane មាន​ភាព​រកាំរកូស ដល់​ថ្នាក់​ប្រកាស​ដើរ​ចេញ​យ៉ាង​តក់​ក្រហល់​ក្រោយ​លើក​ពាន CL រដូវ​កាល​ទី​បី​បាន​ប៉ុន្មាន​ថ្ងៃ។

២.ទិញ​យក​ខ្សែ​ប្រយុទ្ធ​ច្បាស់លាស់​មួយ​រូប:


Madrid បាន​បាត់បង់​ជើង​ស៊ុត​បាល់​ ៥០ គ្រាប់​ក្នុង​មួយ​រដូវ​កាល​ឲ្យ​ទៅ Juventus កាល​ពី​ខែ​កក្ដដា ហើយ​ជំនួស​មក​វិញ​ដោយ​ការ​ទិញ​ចូល Mariano Diaz ដែល​ធ្លាប់​ស៊ុត​បាន​ត្រឹម ១៨ គ្រាប់​ឲ្យ Lyon នា​រដូវ​កាល ២០១៧/១៨។ យ៉ាងណាមិញ​វត្តមាន​របស់​កីឡាករ​វ័យ​ក្មេង​រូប​នេះ ហាក់​មិន​បាន​ផល​ចំណេញ​អ្វី​ទាល់​តែ​សោះ ទាំង​ដែល​អ្នក​នៅ​ក្នុង​ក្លឹប​ស្រាប់​ដូច​ជា Benzema ឬ Bale ក៏​ហាក់​មិន​ឡើង​ជើង​ថែម​ទៀត បែប​នេះ​បញ្ហា​កែប្រែ​ប្រព័ន្ធ​លេង​ខាង​លើ​ក៏​ជា​រឿង​ធំ​មួយ​ដែល​ត្រូវ​លៃលក​ជា​បន្ទាន់។

៣.ការ​បង្កើត​ប្រព័ន្ធ​លេង​ដ៏​ច្បាស់លាស់​មួយ:


កាល​ជំនាន់ Zidane ដឹកនាំ​គឺ​ប្រើ​ប្រព័ន្ធ​លេង ៤-១-២-៣ លុះ​មក​ដល់​ Lopetegui បែរ​ជា​ប្តូរ​ដាក់ ៤-៣-៣ ធ្វើ​ឲ្យ Madrid ធ្លាក់​ដាប​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ ប៉ុន្តែ​រាង​ស្រោចស្រង់​មក​វិញ​បាន​បន្តិច​បន្ទាប់​ពី​ Solari ជំនួស​ការ​លេង​ប្រព័ន្ធ ៤-២-៣-១ ដែល​ជា​ប្រព័ន្ធ​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​មុន ដោយ​មាន​ការ​ទប់​ការពារ​យ៉ាង​ស្អិត​នៅ​បម្រើ​កណ្តាល ហើយ​ការ​ប្រើប្រាស់ Casemiro និង Marcus Llorente គឺ​ជា​ចំណុច​ប្រសព្វ​ល្អ​បំផុត។

ប្រភព: Sportskeeda

មតិយោបល់