Real Madrid ត្រូវគេរាយការណ៍ថាកំពុងត្រៀមលក់តារាឆ្នើមក្នុងក្រុមរបស់ពួកគេចំនួន ៦ ចេញ ក្នុងគោលបំណងដើម្បីមានលទ្ធភាពអាចធ្វើកិច្ចព្រមព្រៀង សម្រាប់ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម Paris Saint-Germain ជំនួសវិញ ។

ជាក់ស្តែង Mbappe ដែលត្រូវបានគេចាត់ទុកថាជាកីឡាករឆ្នើមបំផុតម្នាក់នៅលើភពលោក គឺនៅសល់រយ:ពេលត្រឹមតែ ១ ឆ្នាំទៀតប៉ុណ្ណោះ នៅលើកិច្ចសន្យាបច្ចុប្បន្នជាមួយក្រុមយក្សបារាំង ប្រសិនបើគេមិនព្រមចុះហត្ថលេខាលើកុងត្រាថ្មីទេនោះ មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅមកដល់ ។
ហើយយ៉ាងណាមិញ ជាមួយនឹងកិច្ចព្រមព្រៀងរបស់គេនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២២ ខាងមុខ ពេលនេះ R.Madrid ហាក់បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការចុះហត្ថលេខាសម្រាប់កីឡាករសញ្ជាតិបារាំងរូបនេះ ស្របពេលក្រុម PSG កំពុងទន្ទឹងរង់ចាំទទួលយកសំណើ ដែលមានតម្លៃខ្លួនដ៏ខ្ពស់បំផុតមួយ ដែលត្រូវគេយល់ថាអាចមានចំនួនប្រហាក់ប្រហែល ឬលើសចំនួន ដែលពួកគេធ្លាប់បានចំណាយឲ្យក្រុម Barca សម្រាប់នាំយក Neymar កាលពីឆ្នាំ ២០១៧ ដែរ ។

មិនតែប៉ុណ្ណោះ យោងតាមសារព័ត៌មាន AS បានបង្ហាញឲ្យដឹងថាក្រុមយក្សអេស្ប៉ាញ កំពុងត្រៀមខ្លួនជាស្រេច ដើម្បីចំំណាយលុយដ៏ច្រើនបំផុតមួយ សម្រាប់ចុះហត្ថលេខាលើ Mbappe ដោយពួកគេជឿជាក់ថាខ្សែប្រយុទ្ធរូបនេះ ផ្ទាល់ក៏មានចំណាប់អារម្មណ៍ផ្លាស់មកកាន់ទឹកដី Bernabeu ផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណា ជាដំបូងពួកគេចាំបាច់ត្រូវបង្កើនចំណូលជាមុនសិន ខណ:ពួកគេបានត្រៀមខ្លួនរួចជាស្រេច ក្នុងការលក់ចេញតារាឆ្នើមខ្លួនចំនួន ៦ រូប ដោយក្នុងនោះមានដូចជា Gareth Bale ដែលកំពុងខ្ចីជើងនៅក្រុម Tottenham Hotspur , Dani Ceballos កំពុងខ្ចីជើងរយៈពេល ២ រដូវកាលនៅ Arsenal , រួមទាំង Isco , Marcelo , Brahim Diaz និង Luka Jovic ផងដែរ ៕

ប្រភព: Metro
អានអត្ថបទបន្ទាប់៖ Eto’o ប្រាប់ Barca មិនបាច់ភ័យរឿង Messi ដើរចេញនោះទេ ព្រោះពួកគេមានតារាឆ្នើមរូបនេះ ចាំជំនួសស្រេចហើយ
វីរបុរស Barcelona លោក Samuel Eto’o បានអះអាងថា Ansu Fati គឺជាកីឡាករ ដែលមានសមត្ថភាពដើម្បីបំពេញចន្លោះប្រហោង របស់ខ្សែប្រយុទ្ធ Lionel Messi បាន ប្រសិនបើគេនឹងត្រូវដើរចេញពីទឹកដី Camp Nou នៅពេលណាមួយនោះ ។

ជាក់ស្តែង Messi នឹងត្រូវផុតកុងត្រានៅរដូវក្តៅខាងមុខនេះ ខណ:ការបន្តកិច្ចសន្យាថ្មីជាមួយក្រុម Barcelona ក៏ត្រូវបានគេជឿជាក់ថានឹងអាចកើតមានឡើងផងដែរ ។

ហើយយ៉ាងណាមិញ លោក Eto’o ដែលធ្លាប់បានចំណាយពេល ៥ រដូវកាលរួមជាមួយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានអះអាងថាក្រុម Barcelona អាចនឹងត្រូវផ្លាស់ប្តូរឈ្មោះ ប្រសិនបើ Messi ចាកចេញទៅនោះ ។

ប៉ុន្តែទោះជាយ៉ាងណា ទម្រង់លេងរបស់ Ansu Fati ហាក់កំពុងផ្ទុះឡើងយ៉ាងខ្លាំង ក្នុងរយ:ពេលថ្មីៗចុងក្រោយនេះ ខណ:កីឡាករវ័យ ១៨ ឆ្នាំរូបនេះ បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ចំនួន ៤ ដងរួចមក ស្របពេលលោក Eto’o ជឿជាក់ថាគេនឹងក្លាយជាងកីឡាករម្នាក់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីជំនួសតំណែងរបស់ Messi បាន ។

មិនតែប៉ុណ្ណោះបុរសវ័យ រូបនេះ បាននិយាយប្រាប់ SPORTbible ទៀតថា ៖ ” ខ្ញុំគិតថា Fati គឺជាកីឡាករម្នាក់ សម្រាប់អនាគតរបស់ក្លិប ។ បច្ចុប្បន្នគាត់កំពុងធ្វើរឿងដ៏អស្ចារ្យ ដូច្នេះខ្ញុំគិតថាក្លឹបពិតជាត្រូវការបំប៉នគាត់បន្ថែម និងថែរក្សាគាត់ឲ្យបានល្អបំផុត ។ ហើយយើងសង្ឃឹមថាគាត់នឹងក្លាយជាកីឡាករតែម្នាក់៉គត់ ដែលអាចជំនួសតំណែងពី Messi បាន ” ៕

ប្រភព: Mirror