តារាឆ្នើម Barca ម្នាក់ បោះសារមួយព្រមានដល់ក្រុម Man Utd ហើយឆ្លៀតដៀមដាមដល់ PSG ថែមទៀត

នារាត្រីនេះក្រុម Barcelona នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួន ដើម្បីត្រៀមទទួលក្រុម Manchester United សម្រាប់ការប្រកួតនៅជើងទី ២ វគ្គ ៨ ក្រុមពានរង្វាន់ Champions League ។

ជាក់ស្តែងកាលពីសប្តាហ៍មុនក្រុម Barca បានទទួលជ័យជម្នះក្នុងលទ្ធផល 1-0 ក្នុងការប្រកួតជើងទី 1 នៃក្របខ័ណ្ឌ UCL ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីខ្លួនឯង ដោយកីឡាករ Luke Shaw ។

ទន្ទឹមនឹងនេះដែរអ្នកចាំទីរបស់ក្លឹប Barcelona កីឡាករ Marc-Andre Ter Stegen ជឿជាក់ថាក្រុមរបស់ខ្លួន នឹងមិនព្រមបណ្តោយឲ្យវាក្លាយជារាត្រីដ៏អាក្រក់សម្រាប់ពួកគេនោះទេ ដោយកីឡាកររូបនេះនៅចងចាំថាក្រុម PSG បើទោះបីបានឈ្នះនៅជើងទី 1 នៃការប្រកួតវគ្គ 16 ក៏ដោយក៏ត្រូវបានគេទម្លាក់ចេញ ដោយក្រុម Manchester United នៅជើងទីពីរ ប៉ុន្តែ Stegen បានបញ្ជាក់យ៉ាងច្បាស់ថា ” យើងខុសគ្នាពី Paris Saint- Germain ” ។

មិនតែប៉ុណ្ណោះកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះបាននិយាយទៅកាន់ក្រុមអ្នកយកព័ត៌មាន នៅក្នុងសន្និសីទកាសែតមុនការប្រកួតថា : «  យើងនឹងមើលឃើញវានារាត្រីនេះ ប៉ុន្តែអ្វីដែលល្អនោះគឺថាយើងលេងខុសពី PSG » ។

គួររំលឹកថាក្រុម PSG បានឈ្នះនៅជើងទី 1 សម្រាប់ការប្រកួតវគ្គ 16 ក្រុមនៅ Old Trafford ក្នុងខែកុម្ភៈ ដោយលទ្ធផល 2-0 តែទោះជាយ៉ាងណាម ក្រុម Man United បានធ្វើការវាយបកមិនគួរឲ្យជឿមួយនៅខែក្រោយមក ដោយបានទទួលជ័យជម្នះក្នុងលទ្ធផល 3-1 វិញ ក្នុងការប្រកួតនៅជើងទី 2 ៕

ប្រភព: FoxsportsAsia