តារា​ឆ្នើម​ PL មួយ​រូប​ប្រាប់​មូលហេតុ​ចាកចេញ​ពី Barca ​មក​ចូលរួម​នៅ​ទឹកដី​អង់គ្លេស

អតីត​ខ្សែ​បម្រើ​នៅ​ក្លឹប FC Barcelona ​គឺ Andre Gomes ​បាន​បញ្ជាក់​មូលហេតុ​ជុំវិញ​ការ​សម្រេច​ចិត្ត​ដើរ​ចេញ​ពី LaLiga មក​ចូលរួម​នៅ​ក្លឹប Everton ជាមួយ​ក្របខ័ណ្ឌ​អង់គ្លេស Premier League។

បុរស​វ័យ ២៦ ឆ្នាំ​ដែល​ផ្លាស់​មក​ចូលរួម​នៅ Merseyside រយៈ​ពេល ១ ឆ្នាំ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង បាន​បង្ហាញ​ទម្រង់​លេង​ល្អ​គួរ​សម​តាម​រយៈ​ ២៧ ប្រកួត​ដំបូង។ ដោយ​មើល​ឃើញ​ពី​ទម្រង់​លេង​ដ៏​ល្អ​របស់ Gomes ក្លឹប​ស្ករ​គ្រាប់ Everton ក៏​ដាក់​ចិត្ត​ជះ​អស់ ២៥ លាន​អឺរ៉ូ​ទិញ​ផ្តាច់​ចេញ​ពី​អ្នក​មាន​បុណ្យ​តែ​ម្តង​ទៅ។

ជជែក​ជាមួយ​សារព័ត៌មាន DailyMail កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ “ទំហំ​នៃ​ការ​គាំទ្រ​របស់​អ្នក​គាំទ្រ​គឺ ៨០ ភាគរយ​ហើយ នៃ​មូលហេតុ​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ចុះ​ហត្ថលេខា​ឲ្យ​ក្លឹប Everton នៅ​រដូវ​ក្តៅ​នេះ បន្ទាប់​ពី​ចាយ​ពេល​អស់​មួយ​ឆ្នាំ​លើ​លក្ខខណ្ឌ​ខ្ចី​ជើង”។

លោក​បន្ត៖ “ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ពួក​គេ​ចង់​បាន​ខ្ញុំ ហើយ​វា​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​ដ៏​ល្អ​មួយ ពោល​គឺ​ប្រហែល​ជា​ខ្ញុំ​ត្រូវការ​អារម្មណ៍​បែបហ្នឹង”៕ ប្រភព៖ FoxSportAsia