ក្លឹបបិសាចក្រហមបានបន្តយកឈ្នះទៅលើ Burnley ដោយលទ្ធផល ១-០ ហើយ ៣ ពិន្ទុដែលទទួលបានសម្រេចរុញឲ្យពួកគេឡើងឈរកំពូលតារាង Premier League បណ្តោះអាសន្ន។

ជាមួយការប្រកួតក្រៅដីនៅឯកីឡដ្ឋានរបស់ក្រុម Burnley កាលពីយប់មិញ ក៏បាននាំឲ្យឈ្មោះ Man Utd បានក្លាយជាក្រុមទី ១ នៅ Premier League រដូវកាលនេះ ដែលមិនទាន់ស្គាល់បរាជ័យទាល់តែសោះ នៅការប្រកួតក្រៅដីទាំង ៧ លើក។ ជាលទ្ធផលពួកគេឈ្នះ ៦ ស្មើ ១ ហើយកាលស្មើនោះគឺពេលលេងប៉ះក្រុម Leicester City ជាមួយលទ្ធផល ២-២។


រំឭកថាក្រៅពីស្ថិតិដ៏ល្អខាងលើ ក្រុមដឹកនាំដោយលោក Ole Gunnar Solskjaer ក៏បានគាស់ស្ថិតិដែលខកខានកើតមាននៅរដូវកាល ២០១២-១៣ នោះគឺការឈរនៅកំពូលតារាង Premier League ដែលពួកគេធ្លាប់ធ្វើបាននៅសម័យកាលដឹកនាំដោយលោក Sir Alex Ferguson។ រយៈពេល ៧ ឆ្នាំចុងក្រោយ ទើបតែចូលមកជំនាន់ Ole នេះទេ ទើបអាចកើតឡើងសារជាថ្មី៕
ប្រភព៖ OptaJoe
អានអត្ថបទបន្ទាប់៖ ជើងចាស់ Eto’O មើលឃើញសមត្ថភាពកីឡាករម្នាក់ ដែលអាចស្នងតំណែងរបស់ Messi នៅ Barcelona
អតីតខ្សែប្រយុទ្ធរបស់ Barcelona លោក Samuel Eto’o បានសម្លឹងឃើញ ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati ថាជាអ្នកស្នងតំណែងរបស់ ប្រធានក្រុមបច្ចុប្បន្ន Lionel Messi។
ដ្បិត Messi បានបង្ហាញថា គេនៅតែជាកីឡាករដ៏ចាំបាច់មួយរូបនៅ Barcelona ប៉ុន្ដែ ខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីនរូបនេះ ពុំទាន់បន្ដកុងត្រាថ្មីជាមួយក្លិបដែលមានមូលដ្ឋាននៅតំបន់កាតាឡូញ៉ានៅឡើយ ខណៈកុងត្រារបស់គេនឹងអស់សុពលភាពនៅរដូវក្ដៅខាងមុខនេះ។
ទោះយ៉ាងណាក្ដី អតីតមិត្តរួមក្រុមរបស់ Messi គឺលោក Eto’o បានមើលឃើញពីសមត្ថភាពរបស់ កីឡាករវ័យក្មេង Fati ថាអាចស្នងតំណែង Messi បាននាពេលអនាគត។
លោក Eto’o បាននិយាយថា៖ “ខ្ញុំគិតថា Ansu Fati ជាកីឡាករសម្រាប់ថ្ងៃអនាគត។ បច្ចុប្បន្ននេះ គេកំពុងធ្វើរឿងដ៏អស្ចារ្យ។ ខ្ញុំគិតថា ក្លិបគួរតែពង្រឹងសមត្ថភាពគេឱ្យបានល្អ។ ខ្ញុំសង្ឃឹមថា គេជាកីឡាករម្នាក់ ដែលអាចស្នងពី Messi”៕
ប្រភព៖ MARCA