តើអនាគត Navas នៅ Real Madrid នឹងទៅជាយ៉ាងណាក្រោយពីការចូលរួមរបស់ Courtois?

ទោះបីជាគេយល់ឃើញថា អនាគត អ្នកចាំទី Keylor Navas នៅ Real Madrid កាន់តែមានភាពស្រពេចស្រពិលក្ដី ប៉ុន្ដែអ្នកចាត់ការក្លឹបអធិរាជសលោក Julen Lopetegui ជឿជាក់ថាគាត់អាចអោយ អ្នកចាំទីកូស្ដារីកា និង កីឡាករចំនូលថ្មី Thibaut Courtois មានឱកាសគ្រប់គ្រាន់សំរាប់លេងក្នុងក្រុម។

លោក​ Lopetegui អាចនឹងយកលំនាំតាមកាលដែល អ្នកចាំទី Iker Casillas និង Diego Lopez លេងអោយក្លឹប ដោយសាមានពេលវេលាសំរាប់កាលវិភាគប្រកួត សមល្មមដែលអាចអោយអ្នកចាំទីទាំងពីរ ចូលរួមលេងដោយមិនមានបញ្ហា។

ដោយសារតែខាងក្លឹប មិនមានបំណងដាក់សំពាធ អោយ Navas ចាកចេញសំរាប់រដូវកាលនេះ អ្នកចាំទីវ័យក្មេង Lunin ដែលបានបង្ហាញខ្លួនអោយក្រុម សំរាប់ការប្រកួតមិត្តភាពនៅអាមេរិច អាចនឹងត្រូវក្លឹបដាក់អោយក្លឹបដទៃខ្ចីជើង ដើម្បីប្រមូលយកបទពិសោធន៍ត្រលប់មកវិញ។

ចំនែកឯអ្នកចាំទី ដៃទី២របស់ក្រុម Kiko Casilla គិតនៅក្នុងចិត្តរួចរាល់ហើយថា ដល់ពេលដែលរូបគេត្រូវចាកចេញ ប៉ុន្ដែពេលនេះ អ្នកចាំទីរូបនេះមានតែអត់ធ្មត់រង់ចាំមើលថាតើនឹងមានអ្វីកើតឡើងនៅថ្ងៃខាងមុខ។

ដោយឡែកកូនប្រុសរបស់អតីតអ្នកចាត់ការក្លឹប​ Zinedine Zidane, Luca គឺមានជោគវាសនាមិនខុសពី Casilla ប៉ុន្មានទេ អ្នកចាំទីរូបនេះ ទំនងជាចែកផ្លូវគ្នាជាមួយ Real Madrid នាពេលឆាប់ៗនេះ ហើយ Moha និង Belman នឹងប្រជែងគ្នាដណ្ដើមតំណែងជម្រើសដំបូង សំរាប់ Real Madrid Castilla នៅលីគ Seconde Division B៕

ប្រភព៖ Marca