ថាម៉េច! ការនៅតែក្នុងបន្ទប់ មិនចេញទៅក្រៅអាចប៉ះពាល់ដល់សុខភាពដល់ម្លឹងផង?

មនុស្សជាច្រើនយល់ឃើញថា ការនៅតែក្នុងបន្ទប់បើកម៉ាស៊ីនត្រជាក់ ធ្វើអោយពួកគេមានភាពស្រណុកស្រួល និង ផាសុកភាព ប៉ុន្ដែ បើតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ បានបង្ហាញថា វាអាចមានផលអវិជ្ជមានខ្លាំង សំរាប់សុខភាពផ្លូវកាយ និង ផ្លូវចិត្ត ប្រសិនបើរាងកាយមនុស្សយើង មិនអាចទទួលបានពន្លឺពីធម្មជាតិបានគ្រប់គ្រាន់។

ពន្លឺព្រះអាទិត្យមានគុណប្រយោជន៍ជាច្រើនសំរាប់ សុខភាព និង អារម្មណ៍ប្រាជ្ញាស្មារតី។ វាជួយអោយយើងមានអារម្មណ៍ស្រស់ស្រាយ ជួយបង្កើនវីតាមីន D(ជួយអោយឆ្អឹងរឹងមាំ) ហើយការនៅក្រោមកំដៅថ្ងៃ អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ នៅក្នុងរាងកាយ និង បន្ថយការរលាក។

ដោយឡែកពន្លឺអគ្គិសនី មិនបានផលិតនូវវីតាមីន D ហើយវាអាចរំខាន ការលូតលាស់នៃរាងកាយរបស់យើងផងដែរ ដែលជំរុញអោយមានជំងឺគេងមិនលក់ ហើយ អាចធ្វើអោយយើងមានអារម្មណ៍ល្ហិតល្ហៃផងដែរ

ការទទួលពន្លឺពីធម្មជាតិនៅខាងក្រៅ បានគ្រប់គ្រាន់ អាចជួយសុខភាពបានមួយកំរិត។ វាអាចកាត់បន្ថយអារម្មណ៍តប់ប្រមល់ បង្កើនថាមពល ហើយវាក៏អាចជួយអោយខួរក្បាលមានភាពឆ្លាតវ័យមួយកំរិតថែមទៀតផង។

ហើយបើតាមការស្រាវជ្រាវ របស់សាកលវិទ្យាល័យ Glasgow នៃប្រទេសស្កត់លេន បានរកឃើញថា អ្នកដែលហាត់ប្រាណនៅខាងក្រៅ ដូចជាការជិះកង់ ការដើរ ឬ ការរត់ហាត់ប្រាណ អាចកាត់បន្ថយបញ្ហាផ្លូវចិត្តបានច្រើនជាង អ្នកដែលហាត់ប្រាណនៅក្នុងផ្ទះ ឬ នៅកន្លែងហាត់កីឡា។

ការលើកឡើងដូច្នេះ មិនមែនមានន័យថា អ្នកត្រូវនៅខាងក្រៅរហូតនោះទេ ប៉ុន្ដែ អ្នកគួរចំណាយពេលនៅខាងក្រៅ សំរាប់ទទួលបានពន្លឺពីធម្មជាតិ រយៈពេល២នាទី ក្នុងមួយថ្ងៃ ដើម្បីជួយអោយសុខភាពរបស់អ្នកមានភាពប្រសើរឡើង៕

មតិយោបល់