ទាមទារ​លក្ខខណ្ឌ​ចាំបាច់ ២ មុន​ចង់​ក្លាយ​ជា​អង្គរក្ស​របស់ Floyd ​បាន​ប្រាក់​ឈ្នួល ១៥ មុឺន​ដុល្លារ/ឆ្នាំ

អ្នក​ប្រដាល់ Floyd Mayweather គឺ​ជា​អត្តពលិក​លំដាប់​ទី ៥ ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ដាច់​គេ​ក្នុង​លោក ដោយ​តាម​របាយការណ៍​នៅ​ឆ្នាំ ២០២០ បុរស​សញ្ជាតិ​អាមេរិក​រូប​នេះ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៥០៥ លាន​ដុល្លារ។

Floyd Mayweather
Floyd Mayweather និងអង្គរក្ស

តាម​ប្រភព​ពី CelebrithyNetworth បាន​ឲ្យ​ដឹង Floyd អាច​រក​បាន​ចំណូល​ចន្លោះ​ពី ១៥០ ទៅ ៣០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​បាន​យ៉ាង​ងាយ ឲ្យ​តែ​លោក​នៅ​បន្ត​ឈរ​ជើង​ក្នុង​អាជីព​ប្រដាល់​មួយ​នេះ។ ជាមួយ​នឹង​ការ​រស់នៅ​លើ​គំនរ​ទ្រព្យ​ដ៏​មហាសាល Floyd ក៏​ប្រើប្រាស់​លុយ​មួយ​ផ្នែក​របស់​ខ្លួន ទៅ​លើ​ការ​ការពារ​សុវត្ថិភាព​ជា​ប្រចាំ ដោយ​មាន​ជួល​នូវ​អង្គរក្ស​សុទ្ធ​តែ​លំដាប់ៗ។

ដោយ​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​គេហទំព័រ​ក្រៅ​ស្រុក បាន​លើក​បង្ហាញ​នូវ​លក្ខខណ្ឌ​ចាំបាច់ ២ សម្រាប់​បុគ្គល​ឬ​ជន​ណា​មួយ​ដែល​ចង់​មក​ចូលរួម​ក្នុង​ក្រុម The Money Team ហៅ​កាត់ TMT ឬ​ជា​អង្គរក្ស​ផ្ទាល់​ខ្លួន​របស់ Floyd។

Floyd Mayweather និងអង្គរក្ស

១) ត្រូវ​ប្រាកដ​និង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ស្ពាយ​លុយ​តាម​ខ្លួន​ចន្លោះ​ពី ៨ មុឺន​ទៅ ២៥ មុឺន​ដុល្លារ​រៀងរាល់​ការ​ចេញ​ដើរ​ម្តងៗ​ជាមួយ Floyd។ ជា​ការ​ពិត​បុរស​មាន​លុយ​រយ​លាន​រូប​នេះ គឺ​ចូលចិត្ត​សម្ញែង​ទ្រព្យ​ខ្លាំង​ណាស់ ហើយ​ទោះបី​សម័យ​ទំនើប​នេះ​គេ​អាច​ប្រើប្រាស់​ការ​ចាយវាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្តី តែ​លោក​នៅ​តែ​ចូលចិត្ត​ការ​ស្ពាយ​លុយ​រាប់​សែន​ដុល្លារ​តាម​ខ្លួន​ដដែល។ បែប​នេះ​នាម​ជា​អង្គរក្ស​មួយ​រូប​របស់ Floyd គឺ​ត្រូវ​មាន​តួ​នាទី​ស្ពាយ​លុយ​ដើរ​តាម Floyd ជា​ប្រចាំ។

Floyd Mayweather

២) ត្រូវ​មាន​កាយសម្បទា​រឹងមាំ និង​ជា​មនុស្ស​មាឌ​ធំ។ ដោយ​កម្ពស់​ស្តង់ដារ​នៃ​សមាជិក​អង្គរក្ស​មួយ​រូប​របស់​ Floyd គឺ​មាន​កម្ពស់​ដល់​ទៅ ៧ ហ្វីត​ឬ​ជាង ២ ម៉ែត្រ​ឯ​ណោះ ហើយ​លោក​មិន​រើស​យក​អ្នក​ដែល​មាន​រូបរាង​ស្គម​នោះ​ទេ ពោល​យក​បុរស​មាឌ​ឌាំង ​និង​កម្លាំង​មាំមួន។

ចំណុច​នេះ​គឺ​ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​ការពារ​សុវត្ថិភាព​អាយុ​ជិវិត​របស់ Floyd នៅ​ខាង​ក្រៅ ដោយ​ត្រូវ​ធានា​បាន​ថា​នឹង​មិន​មាន​ជន​ណា​មួយ​អាច​មក​ក្បែរ​លោក ឬ​មាន​បំណង​អាក្រក់​មក​លើ​លោក​ឡើយ។ ជាង​នេះ​មាន​ពាក្យ​សម្គាល់ ២ ដែល Floyd ចង់​បញ្ជា​ឲ្យ​អង្គរក្ស​ខ្លួន​វាយប្រហារ​ទៅ​លើ​ជន​ណា​មួយ ដោយ​និយាយ​ពាក្យ​ថា “Sick Them” និង “Form Voltron”។

តាម​របាយការណ៍​ចុងក្រោយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គឺ Floyd ហ៊ាន​ផ្តល់​ឲ្យ​អង្គរក្ស​របស់​លោក​នូវ​ប្រាក់​ឈ្នួល​ប្រមាណ ១៥ មុឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ តែ​ក៏​មាន​ការ​លើក​ទឹកចិត្ត​លើ​របស់របរ​ប្រើប្រាស់​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា​ការ​ទិញ​សុទ្ធ​តែ​នាឡិកា Rolex ឬ​រថយន្ត Mercedes Benz ឲ្យ​កូន​ចៅ​របស់​លោក​ជា​ដើម៕

ប្រភព៖ GiveMeSport