ទើបឈានដល់វគ្គ១៦ក្រុម តែ Ronaldo ប្រាប់ពីក្រុមដែលរូបគេចង់តតាំងនៅវគ្គផ្ដាច់ព្រ័ត្រ UCL

Cristiano Ronaldo បានសារភាពថា រូបគេមិនមានបញ្ហាអ្វីនោះទេ បើក្រុម Juventus ត្រូវតតាំងជាមួយនឹង Real Madrid នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League។

ក្រុមយក្សទាំងពីរអាចនឹងត្រូវតតាំងគ្នា ក្នុងវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពី Real Madrid ឈរនៅលេខ២ ក្នុងតារាងនៃពូល A ខណៈដែលក្រុមសេះបង្កង់ ឈរនៅកំពូលតារាងនៃពូល D។

Ronaldo បានថ្លែងប្រាប់ Sky Sports ថា៖ “Real Madrid គឺជាក្រុមដែលមិនធម្មតា ប៉ុន្ដែខ្ញុំចង់លេងទល់នឹងពួកគេនៅវគ្គខាងមុខ។ ប្រហែលជានៅវគ្គផ្ដាច់ព្រ័ត្រ ខ្ញុំចង់បានបែបនេះនៅពេលនេះ។”

សំរាប់ដៃគូនៅតំបន់ប្រយុទ្ធ តារាឆ្នើមព័រទុយហ្គាល់រូបនេះ មានអារម្មណ៍ថា ការលេងរួមគ្នាជាមួយនឹង Paulo Dybala និង Gonzalo Higuain ជាក្ដីស្រមៃរបស់ខ្សែប្រយុទ្ធនីមួយៗ។ Ronaldo បានបន្ថែមថា៖ “យើងមានភាពរីករាយខ្លាំងណាស់ នៅពេលលេងជាមួយ Dybala និង Higuain។ ការយល់ចិត្ដគ្នារបស់យើងគឺល្អប្រសើរ។

“វាជាការពិតដែលគ្រូបង្វឹកជាអ្នកសំរេចចិត្ដ ហើយយើងត្រូវតែគោរពពួកគាត់ ប៉ុន្ដែ ខ្ញុំមិនអាចលាក់បាំងការពិតដែលថា យើងមានក្ដីរីករាយ នៅពេលដែលបានលេងជាមួយគ្នា។”

ប្រភព៖ Marca