ទោះឈ្នះពានកីឡាករល្អបំផុតក្នុងលីគ តែ Ronaldo នៅមានកំណត់ត្រាអាក្រក់បំផុតមួយ ឈរដាច់គេនៅ Serie A

យោងតាមស្ថិតិថ្មីៗចុងក្រោយនេះបានបង្ហាញថាកីឡាករ Cristiano Ronaldo របស់ក្លឹប Juventus មានកំណត់ត្រាធ្វើឲ្យបាត់បង់ឱកាសស៊ុតបញ្ចូលទីច្រើនបំផុតនៅក្របខ័ណ្ឌ Serie A ក្នុងរដូវកាលនេះ ។

ជាក់ស្តែងយោងតាមរបាយការណ៍ពី Opta បានឱ្យដឹងថា Ronaldo បានធ្វើឲ្យខកខានឱកាសធំៗចំនួន 16 លើកសម្រាប់ក្រុម Juve នៅក្នុងការបង្ហាញខ្លួន 31 ប្រកួតសម្រាប់លីគរដូវកាលនេះ នឹងតាមពីក្រោយដោយខ្សែប្រយុទ្ធ Mauro Icardi របស់ក្រុម Inter Milan  និងកីឡាករ Ciro Immobile របស់ក្លឹប Lazio ដែលបានខកខានឱកាសធំៗចំនួន 15 លើក ។

យ៉ាងណាមិញជារួមមក Ronaldo មានអត្រាស៊ុតជាមធ្យម 5.7 គ្រាប់ក្នុងមួយប្រកួត (បើតាមរបាយការណ៍ពី WhoScored ) ហើយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះអាចរកបាន 21 គ្រាប់ក្នុងការប្រកួតលីគ ខណៈដែលក្រុម Juventus បានរក្សាម្ចាស់ជើងឯកពាន Serie A ជាលើកទី 8 ជាប់ៗគ្នារបស់ពួកគេ ។

តែបើទោះបីជាបាត់បង់ឱកាសដ៏ច្រើនសន្ធឹកសន្ធាប់នេះក៏ដោយក៏ម្ចាស់ពានរង្វាន់ Ballon D’Or 5 សម័យកាលរូបនេះ បានដើរតួយ៉ាងសំខាន់ក្នុងជួយឲ្យក្រុម Juventus ឈ្នះពានលីគ ខណ:ដែលរូបគេផ្ទាល់ក៏បានឈ្នះពានកីឡាករល្អបំផុតនៅក្នុងក្របខណ្ឌ Serie A សម្រាប់រដូវកាលនេះផងដែរ ៕

ប្រភព: FoxsportsAsia