ទោះលេងជាខ្សែការពារមែន តែ Ramos មានស្ថិតិរកគ្រាប់បាល់បានច្រើនជាង ខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ បិសាចក្រហម

Sergio Ramos នៅតែរក្សាតំណែងជាខ្សែការពារឆ្នើមមួយរូប ជាមួយនឹងទេពកោសល្យ ក្នុងការរារាំង កីឡាករនៅតំបន់ប្រយុទ្ធរបស់គូប្រកួតនៅលើទីលាន ហើយថ្វីដ្បិតតែលេងក្នុងតំណែងជាខ្សែការពារក៏ពិតមែន ប៉ុន្ដែប្រធានក្រុម Real Madrid រូបនេះ រកគ្រាប់បាល់បានច្រើនមិនចាញ់ ខ្សែប្រយុទ្ធមួយចំនួននៅអឺរ៉ុបផងដែរ។

ទោះបីជា ក្លឹបអធិរាជស មានបញ្ហាជាប់គាំងកាលពីរដូវកាលមុន Ramos នៅតែធ្វើបានល្អ សំរាប់ការរកគ្រាប់បាល់ ដោយបំប៉ោងសំណាញ់ទី ១១លើក ក្នុងចំណោម ៤២ប្រកួតសំរាប់ក្លឹប។

ហើយខ្សែការពារវ័យ ៣៣ឆ្នាំរូបនេះ ក៏ធ្វើបានល្អសំរាប់ក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ។ Ramos​ រកគ្រាប់បាល់បាន ៧គ្រាប់ ក្នុងការ បង្ហាញខ្លួនអោយក្រុមអេស្ប៉ាញ ៩ប្រកួត ក្នុងរដូវកាល ២០១៨/១៩ ដែលសរុបទាំងសំរាប់ក្លឹប និង ជម្រើសជាតិ រូបគេរកបាន ១៨គ្រាប់។

ប៉ុន្ដែបើប្រៀបធៀបជាមួយនឹង ខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Marcus Rashford ប្រធានក្រុម Real Madrid រូបនេះ រកគ្រាប់បាល់បានច្រើនជាង។

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរកគ្រាប់បាល់បានតែ ១៦គ្រាប់ប៉ុណ្ណោះ សំរាប់ទាំងក្លឹប និង ជម្រើសជាតិនៅក្នុងរដូវកាលនេះ ហើយបើគិតចំនួននាទីដែលបានបង្ហាញខ្លួន សំរាប់ការប្រកួតវិញ Rashford លេងបាន ៣៦៦៩នាទី ខណៈដែល Ramos លេងបាន ៣៦៤៥នាទី នៅលើទីលាន៕

ប្រភព៖ GiveMeSport