ធ្លាប់ធ្វើអោយ Beckham បែកចិញ្ចើម ប៉ុន្ដែ Sir Alex មិនដែលសំដីធំ ដាក់កីឡាកររូបនេះម្ដងណាឡើយ – Spector

ក្រៅពីដឹកនាំក្រុម Manchester United ឈ្នះពានជាច្រើន និងជួយអោយបិសាចក្រហមក្លាយជាក្រុមកំពូលមួយនៅអឺរ៉ុប លោក Sir Alex Ferguson ក៏ជាគ្រូបង្វឹកដែលមានចរិត កាចឆេវឆាវផងដែរ។

ហើយរឿងចំរូងចំរាស់មួយនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ក្រោយបរាជ័យ FA Cup ទល់នឹង Arsenal កាលពីឆ្នាំ ២០០៣ ខ្សែបម្រើ David Beckham ក្លាយជាជនរងគ្រោះ បែកចិញ្ចើម ក្រោយពីគ្រូបង្វឹកសញ្ជាតិស្កត់ឡែនទាត់ស្បែកជើង តំរង់ទៅមុខរបស់គាត់។

ប៉ុន្ដែ មានតែកីឡាករមិនច្រើនទេដែល មិនធ្លាប់ជាជនរងគ្រោះដោយសារកំហឹងរបស់លោក Ferguson ហើយម្នាក់នោះគឺ Cristiano Ronaldo នេះបើតាមសំដីរបស់អតីតមិត្តរួមក្រុម Jonathan Spector នៅក្នុងបទសម្ភាសន៍របស់ AmericanGambler.com។

Ronaldo និង Spector បានផ្លាស់មកចូលរួមលេងអោយ United កាលពីរដូវក្ដៅឆ្នាំ ២០០៣ ហើយខ្សែការពាររូបនេះ និង ខ្សែប្រយុទ្ធព័រទុយហ្គាល់ មានសំណាង ដែលមិនធ្លាប់ត្រូវលោក Ferguson ជះកំហឹងដាក់។

ខ្សែការពារសញ្ជាតិអាមេរិកបាននិយាយថា៖ “វាជារឿងដែលកំប្លែង លោក Ferguson មិនដែលប្រើសំដីអាក្រក់ដាក់ខ្ញុំទេ។ ខ្ញុំដឹងថាលោក Ferguson ពិតជាមានភាពវៃឆ្លាត ចំពោះរឿងនេះ ព្រោះគាត់ដឹងពីរបៀបនិយាយទៅកាន់កីឡាករ ដែលមិនត្រូវរងការរិះគន់គ្រប់គ្នានោះទេ។

“ខ្ញុំមិនដែលឃើញគាត់ស្រែកដាក់ Ronaldo ទេ ប៉ុន្ដែខ្ញុំមិនគិតថា ដោយសារតែគេជាកូនក្រុមសំណព្វចិត្តទេ គាត់ដឹងពីវិធីធ្វើអោយកីឡាករប្រើអោយអស់លទ្ធភាពដែលខ្លួនមាន។”

ប្រភព៖ AS