និយាយ​អត់​ទុក​មុខ! Di Maria ​ថា​រឿង​ខ្លួន​ចាកចេញ​ពី Man Utd គឺ​ដោយ​សារ​បុគ្គល​ម្នាក់

Angel di Maria នឹង​ត្រូវ​ហែក​មុខ​យក្ស​តតាំង​អតីត​ក្លឹប​ចាស់​ Manchester United នា​ជំនួប​ Champions League ម៉ោង​ ៣:០០ នាទី​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ពុធ។ ត្រលប់​ទៅ​កាល​ពី​ឆ្នាំ ២០១៤ កីឡាករ​អាហ្សង់ទីន​បាន​ផ្ទេរ​ចេញ​ពី​ស្តេច​ស​ចូល​បិសាច​ក្រហម​ក្នុង​តម្លៃ​ខ្លួន ៥៩,៧ លាន​ផោន។

លុះ​ចំណាយ​ពេល​បាន​ត្រឹម ១ ឆ្នាំ​លេង​បាន ២៧ ប្រកួត​និង​ស៊ុត​បាន​បី​គ្រាប់ ​ខ្លួន​ក៏​ដើរ​ចេញ​មក​លេង​ក្លឹប​បារាំង PSG ទល់​ពេល​បច្ចុប្បន្ន។ ចំណាយ​ពេល​ជាង ៣ ឆ្នាំ​មក​នេះ Di Maria ឈ្នះ​បាន​ពាន Ligue 1 ពីរ​លើក, Coupe de France ៣ លើក និង Coupe de la Ligue ៣ លើក។

យ៉ាងណាមិញ​កកាយ​រឿង​ចាស់​ប្រាប់​វិទ្យុ France Bleu ​កីឡាករ di Maria ប្រាប់​ថា​មូលហេតុ​ចាកចេញ​ពី United គឺ​ដោយ​សារ​ខ្លួន​មាន​បញ្ហា​ជាមួយ​អ្នក​ចាត់ការ។ គ្រា​នោះ​ United ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Louis van Gaal មុន​លោក Jose Mourinho មក​បន្ត​នា​ឆ្នាំ ២០១៦។

ខ្សែ​ប្រយុទ្ធ​ស្លាប​បាន​បញ្ជាក់​ថា៖ “គឺ​មាន​បញ្ហា​ទាក់ទិន​ជាមួយ​អ្នកចាត់ការ​នៅ​ពេល​នោះ ប៉ុន្តែ​ក៏​អរគុណ​ព្រះ​ជា​ម្ចាស់ ដែល​ខ្ញុំ​អាច​មក​លេង​នៅ PSG និង​ក្លាយ​ជា​ខ្លួន​ខ្ញុំ​ម្តង​ទៀត ដោយ​ឆ្នាំ​នេះ​យើង​ក៏​ធ្វើ​បាន​ល្អ​ខ្លាំង ថ្វី​បើ​មិន​សូវ​ល្អ​នៅ Champions League ឆ្នាំ​កន្លង​ទៅ ប៉ុន្តែ​នៅ​វគ្គ​ចែក​ឆ្នាំ​នេះ​យើង​ឈរ​លេខ​មួយ”។

ប្រភព:Sportskeeda