បារ៉ែន​ឡើង​បាន​ ៥ លេខ ចុះ​កម្ពុជា​ប្រែប្រួល​បែប​ណា​នៅ FIFA Ranking?

កាល​ពី​ថ្ងៃ​ទី ១០ ​កញ្ញា​កន្លង​ទៅ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង​បារ៉ែន​នៅ​លទ្ធផល ០-១ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ ការ​តតាំង​នៅ​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាស៊ី​សម្រាប់​ពីរ​ប្រកួត​ចុង​ក្រោយ​នេះ ​តើ​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​ដល់​ចំណាត់ថ្នាក់ FIFA Ranking របស់​ក្រុម​គោ​ព្រៃ?

យោង​តាម Footy Rankings ​បាន​វាយ​តម្លៃ​នូវ​ការ​ប្រែប្រួល ដែល​ FIFA នឹង​កំណត់​ផ្លូវការ​នា​ថ្ងៃ​ទី ១៩ ​កញ្ញា​ខាង​មុខ។ ក្នុង​នោះ​សម្រាប់​ជម្រើស​ជាតិ​កម្ពុជា​គឺ​នៅ​ឈរ​លេខ​រៀង​ទី ១៧០ ដដែល ត្បិត​ស្មើ ១ ចាញ់ ១ នៅ​ពីរ​ប្រកួត​ចុង​ក្រោយ។

ដោយ​ឡែក​ទៅ​មើល​បារ៉ែន​ដែល​យក​ឈ្នះ​លើ​ម្ចាស់​ផ្ទះ ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​ប្រមាណ ៥៥ ០០០ នាក់​បាន​ឡើង​ ៥ លេខ​មក​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១០៤។ ចំណែក​ឯ​ក្រុម​ថៃ​ដែល​បំបាក់​ឥណ្ឌូណេស៊ី​នៅ​លទ្ធផល ៣-០ ឡើង​បាន ២ លេខ​មក​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១១៣ ផ្ទុយ​ទៅ​វិញ​ឥណ្ឌូណេស៊ី​ជា​ក្រុម​ធ្លាក់​លេខ​ច្រើន​ជាង​គេ​បង្អស់​ដល់​ទៅ ៨ លេខ​ធ្លាក់​មក​ដល់​លេខ ១៦៨៕

ប្រភព៖ FoxSportAsia