បើចង់បានតំណែង Top 4 Man United ត្រូវទិញខ្សែការពារបន្ថែមពីររូបនៅខែមករាខាងមុខ – Gary Neville

អតីតខ្សែការពាររបស់ Manchester United លោក Gary Naville នៅតែមានសង្ឃឹមថា បិសាចក្រហមនឹងបញ្ចប់រដូវកាលជាមួយនឹងលទ្ធផលល្អ ទោះបីជាត្រូវបរាជ័យពីរប្រកួតទៅហើយក្ដី នៅក្នុងលីគកំពូលអង់គ្លេស។

ក្រុមដែលដឹកនាំដោយលោក Jose Mourinho បានបរាជ័យក្នុងការប្រកួតទល់នឹងក្រុម Brighton និង Tottenham ដែលធ្វើអោយ United មានកំណត់ត្រាចាប់ផ្ដើមរដូវកាលមិនល្អ ចាប់តាំងពីឆ្នាំ ១៩៩២មក ប៉ុន្ដែពួកគេបានយកឈ្នះ Leicester City នៅក្នុងទឹកដី និង Burnley នៅក្រៅដី មុនពេលការសំរាកប្រកួតអន្ដរជាតិមកដល់។

ក្រុមបិសាចក្រហម នឹងបន្ដការប្រកួតជុំទី៥នៅក្នុងលីគ ទល់នឹងក្រុម Watford នៅថ្ងៃសៅរ៍ខាងមុខនេះ ហើយលោក Naville នៅតែរំពឹងថា United នឹងបញ្ចប់រដូវកាលជាមួយនឹងតំណែង Top 4 ក្នុងករណីដែលលោក Mourinho អាចទិញខ្សែការពារពីររូប បន្ថែមបាននៅខែមករាខាងមុខនេះ។

ក្រុមរបស់អ្នកចាត់ការព័រទុយហ្គាល់ មានបញ្ហាធ្ងន់ធ្ងរ សំរាប់តំណែងខ្សែបម្រើកណ្ដាល នៅក្នុងរដូវកាលនេះ ជាពិសេសពួកគេបានរបូតគ្រាប់បាល់ ដល់ទៅបីគ្រាប់ ក្នុងការប្រកួតបរាជ័យទល់នឹង Brighton និង Tottenham។

មានចចាមអារ៉ាមបានលើកឡើងផងដែរថា United មានបំណងចង់បាន Toby Alderweireld, Harry Maguire និង Jerome Boateng កាលពីរដូវក្ដៅនេះ ប៉ុន្ដែក្លឹបបានបរាជ័យដោយមិនអាចនាំយកនរណាម្នាក់មកចូលរួមបាននោះទេ៕

ប្រភព៖ Mirror

មតិយោបល់