បើអាច ជើងចាស់ Paul Ince ប្រាប់ Liverpool គួរតែព្យាយាមចុះហត្ថលេនាំយកតារាឆ្នើម Madrid រូបនេះ

ជើងចាស់ Paul Ince ជឿជាក់ថាអតីតក្លឹបហង្សក្រហម Liverpool របស់លោក គួរតែចុះហត្ថលេខាលើកីឡាករ Gareth Bale ខណ:ដែលខ្សែប្រយុទ្ធរូបនេះត្រូវបានរំពឹងថានឹងចាកចេញពីក្រុម Real Madrid នៅរដូវក្តៅនេះ ។

គួរបញ្ជាក់ថាលោក Zinedine Zidane ដែលជាគ្រូបង្វឹក Real Madrid បាននិយាយថាគាត់នឹងសង្ឃឹមថា Bale ចាកចេញពីក្លឹបក្នុងពេលឆាប់ៗនេះ ហើយលោក៏សង្ឃឹមថានឹងលក់កីឡាករសញ្ជាតិវេលស៍រូបនេះឲ្យបាន មុនពេលរដូវកាលដោះដូរកីឡាករបិទ ។

យ៉ាងណាមិញមានក្លឹបជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹង Bale រួមទាំងក្រុម Manchester United ក្រុម Bayern Munich និង Paris Saint-Germain ផងដែរ ខណៈដែលការវិលត្រឡប់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅក្រុម Spurs ក៏ត្រូវបានគេជជែកវែកញែកផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណាអតីតជើងចាស់អង់គ្លេសលោក Ince ដែលធ្លាប់បានលេងឱ្យក្រុម Liverpool ចំនួន 81 ដងកាលពីទសវត្សរ៍ 1990 បាននិយាយថា Liverpool គួរតែធ្វើបន្ថែមជម្រើសប្រយុទ្ធរបស់ពួកគេជាមួយ Bale ។

លើសពីនេះលោក Ince បាននិយាយថា ៖ ” ខ្សែប្រយុទ្ធរបស់ហង្សក្រហម Liverpool ទាំងបីនាក់ Mohamed Salah, Roberto Firmino និង Sadio Mane មិនបានសម្រាកច្រើនទេកាលពីរដូវកាលមុន ។ ហើយការចុះហត្ថលេខាលើ Bale នឹងអាចជាជម្រើដ៏ល្អបំផុត ព្រោះគេអាចលេងស្តាំឆ្វេង ឬកណ្តាល ។ ប្រសិនបើជាខ្ញុំវិញ ខ្ញុំនឹងចុះហត្ថលេខាលើកីឡាកររូបនេះ ហើយបើ Liverpool មានលទ្ធភាពពួកគេគួរតែធ្វើដូច្នេះ ” ៕

ប្រភព: Talksports