ប្រវត្តិដឹកនាំក្រុមត្រួសៗ របស់គ្រូបង្វឹក Ajax ដែលជួយក្រុមឈានដល់វគ្គ ១/២ ផ្ដាច់ព្រ័ត្រ UCL

កីឡាករឆ្នើម​វ័យក្មេង Frenkie de Jong និង Matthijs de Ligt ត្រូវបានគេចាត់ទុកថា ជាអ្នករួមចំនែកធំជួយអោយក្រុម Ajax ទំលាក់ក្រុមខ្លាំងៗ ឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ប៉ុន្ដែ គ្រូបង្វឹក Erik ten Hag ក៏គួរតែត្រូវបានទទួលស្គាល់ថា ជាអ្នកដែលត្រួសត្រាយផ្លូវអោយក្រុមឈានមកដល់ដំណាក់កាលនេះ។

លោក Ten Hag ធ្លាប់បានធ្វើការជា ជំនួយការគ្រូបង្វឹក នៅក្នុងក្រុម PSV Eindhoven ហើយទទួលបានតួនាទីជាអ្នកចាត់ការក្លឹបជាផ្លូវការនៅរដូវកាល ២០១២/១៣ ប៉ុន្ដែមិនអាចជួយក្រុម Go Ahead Eagles ទទួលបានលទ្ធផលល្អឡើយ។

បន្ទាប់មក លោកបានចាកចេញពីហូឡង់ ទៅចូលរួមនៅលីគទី៤ អាល្លឺម៉ង់ នៅឈុតទី២ របស់ Bayern Munich ហើយទទួលបានបទពិសោធន៍ និង រៀនសូត្របន្ថែមពីលោក Pep Guardiola។

បន្ទាប់ពីចំនាយពេលពីឆ្នាំនៅអាល្លឺម៉ង់ លោក Ten Hag បានចុះហត្ថលេខា ដឹកនាំក្រុមហូឡង់ Utrecht ជាទីដែលលោកបានជួយពួកគេ ឈរនៅលេខ ៥ ក្នុងរដូវកាល ២០១៥/១៦ និង លេខ ៤ ក្នុងរដូវកាល ២០១៦/១៧ នៅក្នុងលីគ Eredivisie។

ហើយក្រោយមក លោកក៏បានសំរេចចិត្តមកចូលរួមជាមួយនឹង Ajax ដែលកំពុងជួបវិបត្តិជាច្រើន នាពេលនោះ ប៉ុន្ដែ បច្ចុប្បន្នក្រុមជើងឯកលីគកំពូល ៣៣សម័យ បានទំលាក់ក្រុមយក្សនៅអឺរ៉ុបជាបន្ដបន្ទាប់ ដូចជា Real Madrid និង Juventus ហើយ ឈានមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ហើយត្រូវតតាំងជាមួយនឹងក្រុមអង់គ្លេស Tottenham៕

ប្រភព៖ Marca