ប្រៀបធៀបស្ថិតិគ្រាប់បាល់សំរាប់ Real Madrid ក្រោយការចាកចេញរបស់ Cristiano Ronaldo

Real Madrid បានបញ្ចប់រដូវកាល ជាមួយនឹងភាពជូរចត់ ដោយបរាជ័យទល់នឹងក្រុម Real Betis នៅក្នុងទឹកដី Santiago Bernabeu កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ។

Loren Moron និង Jese រកបានម្នាក់មួយគ្រាប់អោយក្រុម ភ្ញៀវ Betis យកបានបីពិន្ទុ ហើយធ្វើអោយអ្នកគាំទ្រ ធ្វើការស្រែកជេរប្រមាថកីឡាករនៅលើលាន រហូតដល់ចប់ការប្រកួត។

ការចាកចេញរបស់តារាឆ្នើម Cristiano Ronaldo ទៅកាន់ក្លឹបអ៊ីតាលី Juventus ធ្វើអោយតំបន់ប្រយុទ្ធរបស់ក្រុមអធិរាជស មានភាពចន្លោះប្រហោង ហើយមិនទាន់អាចជួសជុលបាននៅឡើយ។

ខ្សែប្រយុទ្ធព័រទុយហ្គាល់ រីករាយសំរាប់ការបង្ហាញខ្លួនរដូវកាលដំបូង នៅក្នុងលីគកំពូលអ៊ីតាលី ដែលជួយក្រុមសេះបង្កង់ឈ្នះពាន Serie A និង រកគ្រាប់បាល់បាន ២៧គ្រាប់ បើគិតគ្រប់ការប្រកួតពានរង្វាន់ទាំងអស់។

ដោយឡែក សំរាប់នៅ Real Madrid វិញ ខ្សែប្រយុទ្ធ Karim Benzema រកគ្រាប់បាល់បាន ៣០គ្រាប់ ប៉ុន្ដែ មិនអាចជួយអោយ ក្រុមម្ចាស់ពានអឺរ៉ុប១៣សម័យ បញ្ចប់រដូវកាលដោយស្នាមញញឹមបានឡើយ។

បើរំលឹកពីរដូវកាល ២០១៧/១៨ ដែលជារដូវកាលចុងក្រោយ ម្ចាស់ពាន Ballon d’Or ៥សម័យ នៅរដ្ឋធានីអេស្ប៉ាញ បានរួមចំណែកបង្កើតអោយមានគ្រាប់បាល់ ៣១គ្រាប់ (ស៊ុតបញ្ចូលទីបាន ២៦ និង Assist ៥លើក) ហើយរដូវកាលនោះ Real Madrid រកគ្រាប់បាល់បានសរុប ៩៤គ្រាប់។

សំរាប់រដូវកាល ២០១៨/១៩ ក្រុមដែលដឹកនាំដោយលោក Zinedine Zidane រកគ្រាប់បាល់បានតែ ៦៣គ្រាប់ប៉ុណ្ណោះ គឺតិចជាងរដូវកាលមុន ៣១គ្រាប់ ដោយសារបញ្ហាខ្វះខាតខ្លាំងនៅតំបន់ប្រយុទ្ធ។

ទោះយ៉ាងណាក្ដី សំរាប់រដូវកាលក្រោយ ប្រធានក្លឹបលោក Florentino Perez មានគំរោងចាយលុយធំ ដើម្បីទិញយកកីឡាករឆ្នើម មកចូលរួមពង្រឹងតំបន់ប្រយុទ្ធដែលធ្លាប់តែមានឥទ្ធិពលខ្លាំង អោយបានល្អប្រសើរឡើងវិញ៕

ប្រភព៖ GiveMeSport