ផុតពីក្រុមអង់គ្លេសទៅ Dybala នៅសល់ជម្រើសពីរទៀត បើចង់ចែកផ្លូវគ្នាជាមួយ​ Juventus

ទោះបីជាសំរេចចិត្តច្រានចោលសំណើក្នុងផ្ទេរទៅចូលរួមជាមួយនឹងក្លឹបអង់គ្លេស Manchester United និង Tottenham ក៏ពិតមែន ប៉ុន្ដែអនាគតរបស់ តារាឆ្នើម Paulo Dybala មិនទាន់មានលំនឹងនៅឡើយទេ ខណៈដែល Paris Saint-Germain និង Bayern Munich អាចជាគោលដៅបន្ទាប់ ដែលរូបគេអាចចូលរួមនៅរដូវក្ដៅនេះ។

បើយោងតាមវេបសាយ Goal ក្លឹប Juventus កំពុងពិចារណា សំរាប់ការលក់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ប៉ុន្ដែមិនមែនជម្រើសចាំបាច់ដែលពួកគេត្រូវតែធ្វើឡើយ ហើយកាលពីកន្លងមកក្លឹបទាំងពីរនៅអង់គ្លេស បានដកការចង់បានរបស់ពួកគេ ក្រោយភ្នាក់ងាររបស់កីឡាកររូបនេះ មានការទាមទារខ្ពស់ពេក។

ហើយចចាមអារ៉ាមថ្មីៗនេះ ចាប់ផ្ដើមឡើងកំដៅពាក់ព័ន្ធ នឹងការផ្ទេរកីឡាករវ័យ២៥ឆ្នាំ ទៅកាន់ក្លឹបយក្សបារាំង PSG ដើម្បីពង្រឹងក្រុមដោយកាន់តែប្រសើរ និង ដើម្បីជំនួស Neymar ដែលទទូចចង់ចាកចេញ។

ដោយឡែក Dybala ក៏អាចនឹងចាកចេញទៅចូលរួមជាមួយនឹងក្លឹបអាល្លឺម៉ង់ Bayern ផងដែរ ខណៈដែលកីឡាករគោលដៅធំ Leroy Sane មានបញ្ហារបួស មិនអាចលេងបានជាច្រើនខែ ហើយក្លឹបត្រូវការកីឡាករដើម្បីមកជំនួសតំណែង Arjen Robben និង Franck Ribery ដែលបានប្រកាសចាកចេញកាលពីចុងរដូវកាលកន្លងទៅ៕

ប្រភព៖ Be Soccer