ផ្តាំ​តាម​អ្នក​រត់ការ United ឲ្យ​យក​តម្លៃ​ប៉ុណ្ណេះ​ទៅ​រំអុក R.Madrid ប្រសិន​ពិត​ជា​ចង់​បាន Pogba

Mino Raiola គឺ​ជា​បុរស​នៅ​ពី​ក្រោយ​នៃ​ការ​រត់ការ​រវាង​ភាគី​ទាំង​សងខាង​ក្នុង​ការ​ផ្លាស់​ចេញ Paul Pogba ចេញ​ពី Manchester United បន្ទាប់​ពី​ល្ហិចល្ហៀង​ថា​ក្រុម​ស្តេច​ស Real Madrid ​កំពុង​ចាប់​អារម្មណ៍​កីឡាករ​បារាំង​រូប​នេះ​ជា​ខ្លាំង​ពន់ពេក។

 

យ៉ាងណាមិញ​យោង​តាម​សារព័ត៌មាន​ក្រៅ​ស្រុក​បាន​ចុះ​ផ្សាយ​ថា​ក្លឹប Real Madrid ចាំ​បាច់​ត្រូវ​ចំណាយ​យ៉ាង​ទាប​ណាស់​គឺ ១៣០ លាន​ផោន ប្រសិន​ណា​ពិត​ជា​ចង់​បាន Pogba ទៅ​ចូលរួម​នៅ​ទឹក​ដី Bernabeu នា​រដូវ​ក្តៅ​ខាង​មុខ​ពិត​មែន​នោះ។

ត្បិត​អី​បិសាច​ក្រហម​ព្យាយាម​ចង​ជើង​កីឡាករ​សម្បុរ​ខ្មៅ​លេង​នៅ​តំបន់​បម្រើ​កណ្តាល​រូប​នេះ​ឥត​ឈប់ឈរ​ក៏​ដោយ ប៉ុន្តែ​សាមី​ខ្លួន​ផ្ទាល់​ហាក់​បាក់​ចិត្ត​ចង់​ដើរ​ចេញ​ជា​ខ្លាំង ដោយ​កន្លង​ទៅ​ក៏​ធ្លាប់​និយាយ​ហើយ​ថា Madrid គឺ​ជា​ក្លឹប​​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន។

រំឭក​ថា​ Pogba ក៏​ទើប​តែ​ស៊ុត​បញ្ចូល​ទី ២ គ្រាប់​តាម​រយៈ​បាល់​ពិន័យ ១១ ម៉ែត្រ​កាល​ប៉ះ West Ham កាល​ពី​ថ្ងៃ​មុន។ កីឡាករ​បារាំង​រូប​នេះ​បាន​ដើរ​ចេញ​ពី​ទីក្រុង Turin មក​រួមរស់​នៅ Manchester នា​ថ្ងៃ​ទី ៩ សីហា ឆ្នាំ ២០១៦ ដោយ​កាល​នោះ​មាន​តម្លៃ​ខ្លួន​ប្រមាណ ៩៤ លាន​ផោន។

ប្រភព: ​​9SportPro

មតិយោបល់