ភូមិគ្រឹះ​ធំ​ស្កឹមស្កៃ​របស់​កីឡាករ​បាល់ទាត់​ទាំង ១០ រូប មាន​តម្លៃ​ថ្លៃ​ដាច់​គេ​បង្អស់

ដូច​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា កីឡាករ​បាល់ទាត់​គឺ​ជា​ប្រភេទ​អត្តពលិក​ដែល​រក​ចំណូល​បាន​ច្រើន​ក្រាស់ក្រែល​ក្នុង​មួយ​ឆ្នាំៗ បែប​នេះ​ញាំង​ឲ្យ​ការ​រស់នៅ​របស់​ពួក​គេ​ក៏​មាន​ភាព​ហឺហារ មិន​ចាញ់​សេដ្ឋីៗ​ក្នុង​វ័ស័យ​វិស័យ​ឯ​ទៀត​នោះ​ឡើយ។

ទាំង​ការ​ស្លៀកពាក់ ការ​បរិភោគ ការ​ប្រើប្រាស់​យានជំនិះ និង​ទីជ្រកកោន គឺ​កីឡាករ​បាល់ទាត់​កំពូលៗ​ហ៊ាន​ចាយ​លុយ​ដល់​ខ្ទង់​លាន​ដុល្លារ​ក៏​មាន។ នៅ​អត្ថបទ​នេះ CamboTrends នឹង​បង្ហាញ​តម្លៃ​ផ្ទះ​ឬ​វិមាន​របស់​កីឡាករ​បាល់ទាត់​កំពូល ១០ រូប​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត៖

១.Didier Drogba

អតីត​កីឡាករ​របស់​ក្លឹប​តោ​ខៀវ Chelsea រស់នៅ​ក្នុង​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ ដែល​មាន​ផ្ទៃដី​ប្រមាណ​ជិត ៨០០ ម៉ែត្រ​ការេ។ វិមាន​នេះ​សាងសង់​ឡើង​នៅ​ឆ្នាំ ២០០៧ កាល​នោះ​ថ្លៃ​សាងសង់​សរុប​ចំណាយ​អស់​ ២១ លាន​ដុល្លារ។

មក​ទល់​រយៈ​ពេល ១៣ ឆ្នាំ​ចុង​ក្រោយ ទ្រព្យសម្បត្តិ​រួម​ក្នុង​វិមាន​នោះ​មាន​តម្លៃ​សរុប​ប្រមាណ ៩០ លាន​ដុល្លារ។ សើរើ​ទៅ​ផ្នែក​ខាង​ក្នុង គឺ​មាន​បន្ទប់​ទឹក​ ៨ បន្ទប់​គេង​ ៧ បន្ទប់​ធំ​ទូលាយ​មួយ​សម្រាប់​កុមារ និង​បន្ទប់​ចែក​ដាច់​ដោយ​ឡែក​មួយ​សម្រាប់​តម្កល់​ទុក​ពាន​រង្វាន់។

២.David Beckham

អតីត​ម្ចាស់​អាវ​លេខ ៧ ចាស់​នៅ Man Utd មាន​ភូមិគ្រឹះ​តម្លៃ ២០ លាន​ដុល្លារ ដែល​សាងសង់​ឡើង​នៅ ឆ្នាំ ១៩៩៩។ នៅ​ទី​នោះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា <<ភូមិគ្រឹះ Beckham>> ដែល​នៅ​ខាង​ក្នុង​មាន​តាំង​ពី​ស្ទូឌីយោ សាល​អធិដ្ឋាន​សម្រាប់​គ្រីស្ទាន ​និង​ទីលាន​បាល់ទាត់​នៅ​ខាង​ក្រៅ​ទៀត។

៣.Wayne Rooney


ភូមិគ្រឹះ​របស់ Rooney ឯ​ណេះ​វិញ​សាងសង់​ឡើង​នៅ​ឆ្នាំ​ ២០០៤ ដោយ​កាល​នោះ​ចាយ​អស់ ១៧,៨៣ លាន​ដុល្លារ។ នៅ​បរិវេណ​ខាង​ក្រៅ​ក៏​មាន​អាង​ហែលទឹក រី​ឯ​ខាង​ក្នុង​មាន​តាំង​ពី​រោងភាពយន្ត​ឯកជន ហើយ​និយាយ​ពី​ប្រព័ន្ធ​សុវត្ថិភាព តាម​របាយការណ៍​ក្រៅ​ស្រុក​គឺ Rooney ចាយ​អស់​ជិត ៥ មុឺន​ដុល្លារ​គ្រាន់​តែ​ថ្លៃ​បំពាក់​កាមេរ៉ា​សុវត្ថិភាព។

៤.Mesut Ozil


ផ្ទះ​របស់​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប Arsenal គឺ​មាន​តម្លៃ​ប្រមាណ ១២,៣ លាន​ដុល្លារ ដែល​ផ្ទះ​នេះ​លោក​ទិញ​នៅ​ឆ្នាំ ២០១៦។ នៅ​ខាង​ក្នុង​គឺ​មាន​បរិវេណ​ធំ​ទូលាយ អម​ដោយ​របស់​របរ​ប្រើប្រាស់​ទំនើបៗ ហើយ​ជា​ពិសេស​នោះ​គឺ​មាន​បន្ទប់ Cinema ​មួយ សម្រាប់​លោក​ដែល​ជា​ប្រភេទ​កីឡាករ​ចូលចិត្ត​លេង​ហ្គេម​ទៀត​ផង។

៥.Frank Lampard


នៅ​លើ​ទំហំ​ផ្ទៃដី ១ ៨៤០ ម៉ែត្រ​ការេ Lampard ​មាន​ភូមិគ្រឹះ​ដ៏​ធំ​ទូលាយ​មួយ​របស់​ខ្លួន ដែល​ក្នុង​នោះ​មាន​បន្ទប់​គេង ៩ មាន​បន្ទប់​ទឹក ១២ មាន​ទីលាន​វាយ​កូន​បាល់ អាង​ហែល​ទឹក ដែល​សរុប​ការ​សាងសង់​ចាយ​អស់​ ១០,៥ លាន​ដុល្លារ។

៦.John Terry


អតីត​ប្រធាន​ក្រុម​តោ​ខៀវ ចំណាយ​លើ​ថ្លៃ​សាងសង់​ភូមិគ្រឹះ​របស់​ខ្លួន​អស់​ប្រមាណ ៧ លាន​ដុល្លារ។បញ្ជាក់​ថា Terry គឺ​បាន​លក់​ផ្ទះ​ចាស់​ដ៏​ធំ​មួយ​នៅ​ឯ​ទីក្រុង Surrey ចក្រភព​អង់គ្លេស ដែល​មាន​បន្ទប់​គេង​ចំនួន ៩ ឲ្យ​ទៅ​ព្រះ​អង្គ​ម្ចាស់​នៃ​ប្រទេស​អារ៉ាប់ នា​ឆ្នាំ ២០២០ នេះ ហើយ​ Terry ចំណេញ​បាន​ ១៦,៣ លាន​ដុល្លារ​ឯ​ណោះ។

៧.Cristiano Ronaldo
Ronaldo មាន​ភូមិគ្រឹះ ថ្លៃ​បំផុត​គឺ​តម្លៃ ៦ លាន​ដុល្លារ ដែល​លោក​បាន​ទិញ​នៅ​ឆ្នាំ ២០០៤ ក្នុង​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ។

ទាំង​ទីតាំង​ហាត់ប្រាណ អាង​ហែល​ទឹក រោង​ភាពយន្ត ជា​ដើម​គឺ​សុទ្ធ​សឹង​តែ​មាន​នៅ​ក្នុង​នោះ។ កីឡាករ​ព័រទុយហ្គាល់​បាន​ចាយ​ពេល​រស់នៅ​ទី​នោះ​យូរ​បំផុត អំឡុង​ពេល​លោក​បម្រើ​អាជីព​នៅ​ក្លឹប Real Madrid ហើយ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ដំណឹង​ថា​លោក​លក់​ផ្ទះ​នោះ​ចោល​ទេ ត្បិត​បើ​បាន​ផ្ទេរ​មក​លេង​នៅ​ប្រទេស​អ៊ីតាលី​ហើយ​ក្តី។

៨.Lionel Messi


ភូមិគ្រឹះ​របស់ Messi ឯ​ណេះ​វិញ គឺ​មាន​រូបរាង​ប្លែក​និង​អស្ចារ្យ​ខ្លាំង​ណាស់ ហើយ​តម្លៃ​នៅ​គ្រា​ដែល​លោក​ទិញ​គឺ​ថ្លៃ ៥ លាន​ដុល្លារ។ នៅ​ខាង​ក្នុង​ក៏​មាន​អាង​ហែលទឹក រោង​ភាពយន្ត ក្លឹប​ហាត់ប្រាណ កន្លែង​ស្ប៉ា និង​ទីលាន​បាល់ទាត់​ក្នុង​បរិវេណ​ផ្ទះ​ថែម​ទៀត​ផង។

៩.Mario Balotelli


នេះ​ជា​ភូមិគ្រឹះ​របស់​ Balotelli ដែល​លោក​បាន​ទិញ​ក្នុង​តម្លៃ ៤,៨ លាន​ដុល្លារ។ ផ្ទះ​នេះ​ក៏​មាន​អាង​ហែលទឹក និង​រោងភាពយន្ត​ដូច​គ្នា ហើយ​នៅ​លើ​ជញ្ជាំង​ផ្នែក​ខាង​ក្នុង​ផ្ទះ ត្រូវ​បាន​គេ​ដឹង​ថា​មាន​តុបតែង​ពាក់ព័ន្ធ​កីឡាករ​បាល់ទាត់​ជា​ច្រើន។ បច្ចុប្បន្ន​លោក​ដាក់​ជួល​នៅ​តម្លៃ​ជាង ១៦ ០០០ ដុល្លារ/ខែ។

១០.Andres Iniesta


ផ្ទះ​របស់ Iniesta ឯ​ណេះ​វិញ គឺ​សាងសង់​ដោយ​ផ្ទាល់​នៅ​ឆ្នាំ ២០០៥ ចំណាយ​ខ្ទង់ ៤,៦ លាន​ដុល្លារ។
នៅ​ខាង​ក្នុង​មាន​បន្ទប់​គេង ៥ អាង​ហែលទឹក និង​សាល​អធិដ្ឋាន​សម្រាប់​គ្រីស្ទាន។​ ផ្ទះ​នេះ​ត្រូវ​បាន​គេ​រាយការណ៍ Iniesta កំពុង​ដាក់​លក់​វិញ​ហើយ៕

ប្រភព៖ TheSun | Sportzbusiness