ពី​ក្មេង​ក្រខ្សត់ ​អង្គុយ​រៀន​ក្រោម​ពន្លឺ​ភ្លើង​ទៀន Neymar ​ប្រែ​ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

Neymar Jr ក៏​ស្ថិត​ក្នុង​ចំណោម​កីឡាករ ដែល​ធ្លាប់​ហែលកាត់​ការ​លំបាក​កាល​ពី​នៅ​កុមារភាព​មិន​ខុស​ពី​បណ្តា​កីឡាករ​កំពូល​ឯ​ទៀត​ដូច​ជា Cristaino Ronaldo, Zlatan Ibrahimovic, Alexis Sanchez និង Virgil van Dijk ជា​ដើម​ឡើយ។

មុន​ប្រែ​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ផ្ទេរ​ចេញ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់​កាល​ពី​ឆ្នាំ​ ២០១៧ និង​កំពុង​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​មួយ​បន្ទាប់​ពី Lionel Messi និង Cristiano Ronaldo តើ Neymar ធ្លាប់​ជួប​រឿង​មិន​ល្អ​បែប​ណា​ខ្លះ​កាល​ពី​នៅ​ក្មេង តោះ​ទៅ​តាមដាន​ជាមួយ CamboTrends ទាំង​អស់​គ្នា។

Neymar da Silva Santos Junior ដែល​កើត​នៅ​ថ្ងៃ​ទី ៥ ​កុម្ភៈ ឆ្នាំ ១៩៩២២ ក្នុង​ទីក្រុង Sao Paulo ​ប្រទេស​ប្រេស៊ីល មាន​ឪពុក​ឈ្មោះ Neymar Santos Sr ​និង​ម្តាយ​ឈ្មោះ Nadine Santos។ មិន​ត្រឹម​តែ​កើត​ក្នុង​ជីវភាព​លំបាក អ្វី​ដែល​គួរ​ឲ្យ​សោក សង្រេង​បំផុត​នោះ​គឺ​កាល​ពី​អាយុ ៤ ខែ​ក្រោយ​ចាប់​កំណើត Neymar ប៊ិះ​តែ​បាត់បង់​ជីវិត​ទៀត​ផង ក្រោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​លេង​សាច់ញាតិ។

បង្វែរ​ទៅ​មើល​ការ​រស់នៅ​របស់ Neymar អំឡុង​ពេល​គេ​នៅ​ក្មេង​គឺ​កាលនោះ​មាន​ជីវភាព​លំបាក​ខ្លាំង​ណាស់ ដោយ​ឪពុក​ត្រូវ​ធ្វើការ​ជា​ច្រើន​កន្លែង ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ចាយវាយ​របស់​គ្រួសារ។ អំឡុង​ពេល​ចូល​ដល់​វ័យ​ត្រូវ​សិក្សា Neymar និង​ប្អូន​ស្រី​របស់​គេ ពេល​ត្រលប់​មក​ផ្ទះ​វិញ​គឺ​គ្មាន​អគ្គិសនី​ប្រើប្រាស់​ដូច​គ្រួសារ​ដទៃ​ឡើយ ពោល​បាន​ត្រឹម​បង្កាត់​ភ្លើង​ទាន​អង្គុយ​រៀន​តែតោ​ពីរ​នាក់​បងប្អូន​តែ​ប៉ុណ្ណោះ។

រហូត​ដល់​មាន​វ័យ​រាង​ធំ​បន្តិច ទើប Neymar ចាប់ផ្តើម​ប្រលូក​មក​ក្នុង​វិស័យ​កីឡា​បាល់ទាត់ ដោយ​ខុស​ពី​កីឡាករ​អាជីព​ឯ​ទៀត ការ​ចាប់ផ្តើម​របស់ Neymar គឺ​ជា​ក្មេង​លេង​បាល់បាត់​ក្នុង​ទីលាន​បាល់បោះ​ទៅ​វិញ ពោល​មិន​មាន​បរិវេណ​សមរម្យ​ណា​មួយ​សម្រាប់​គេ​ក្នុង​ការ​ចាប់ផ្ដើម​ឡើយ។ ជាង​នេះ Neymar បាន​ចាប់ផ្តើម​លេង​កីឡា​ហ្វូតសាល​ទៀត​ផង ដែល​ចំណុច​ទាំង​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​គេ​ចាប់​ផ្តើម​វិវត្ត​ខ្លួន​ទៅ​រក​ភាព​ច្នៃប្រឌិត​នៃ​ការ​បង្កើត​ស្ទាយ​លេង​បាល់​ប្លែកៗ​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខុស​ពី​កីឡាករ​ទូទៅ។

នៅ​អាយុ ៧ ឆ្នាំ Neymar បាន​ចាប់​ផ្តើម​ហ្វឹកហាត់​ជាមួយ​នឹង​ថ្នាល Portuguesa Santista ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​កំណើត​របស់​គេ​ផ្ទាល់​តែ​ម្តង មុន​ប្រែ​ខ្លួន​មក​ចូលរួម​នៅ​ក្លឹប Santos នា​ឆ្នាំ ២០០៣ ពោល​គឺ​មាន​អាយុ ១១ ឆ្នាំ​ហើយ។

តាម​ពិត​ទៅ​ដំបូង​ឡើយ Neymar គឺ​ជា​យុវជន​ដែល​លេង​បាល់​នៅ​តាម​ដង​ផ្លូវ ឬ​យើង​ហៅ​ថា Street Footballer ​ប៉ុន្តែ​ដោយ​មើល​ឃើញ​ពី​ល្បឿន​ដ៏​លឿន បច្ចេកទេស​បណ្តើរ​បាល់​ដ៏​អស្ចារ្យ និង​តិចនិក​នៃ​ការ​ញាក់បាល់​មួយ​ចំនួន​ទើប​រុញ​ឲ្យ​គេ មាន​ឱកាស​មក​ឈរ​ជើង​លើ​ទីលាន​ជាមួយ​ទ្រនំ​ថ្នាល​យុវជន​ជា​បន្តបន្ទាប់។

ទន្ទឹម​នឹង​ការ​ចាប់ផ្ដើម​នេះ​សោត Neymar បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ឪពុកម្ដាយ ដោយ​រៀងរាល់​ការ​ប្រកួត​រូប​គេ​តែងតែ​ត្រូវ​បាន​ឪពុកម្ដាយ​ឱបថើប​ផ្តល់​ភាព​កក់ក្តៅ ជាមួយ​ពាក្យ​មួយ​ឃ្លា​ដ៏​មាន​ន័យ​ថា៖ “អាច​ថា​ព្រហ្មលិខិត​គួរ​តែ​ផ្តល់​ឲ្យ​កូន​នូវ​ឪពុកម្តាយ​ដែល​ល្អ​ជាង​ពួក​យើង ប៉ុន្តែ​គឺ​គ្មាន​អ្វី​ដែល​អាច​ផ្តល់​ឲ្យ​ប៉ានិងម៉ាក់​នូវ​កូន​ប្រុស​ដែល​ល្អ​ជាង​កូន​នោះ​ឡើយ យើង​ពិត​ជា​ស្រលាញ់​ឯង​ណាស់ ឯង​គឺ​ជា​កូន​ល្អ​បំផុត តោះ​ទៅ​ចាប់ផ្តើម​ការ​ប្រកួត ហើយ​សម្រេច​វា​ឲ្យ​បាន​ទៅ”។

ការ​ខិតខំ​និង​ឆន្ទៈ​នៅ​ក្នុង​វិស័យ​កីឡា​បាល់ទាត់ ក៏​ជួយ​ឲ្យ Neymar បាន​ជាប់​ឈ្មោះ​នៅ​ឈុត​ធំ​សម្រាប់​ក្លឹប Santos និង​បាន​ជាប់​ឈ្មោះ​នៅ​ឈុត U17 របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​នា​ឆ្នាំ ២០០៩។

ធ្មេច​បើក​រយៈ​ពេល ៤ ឆ្នាំ​បន្ទាប់ សមត្ថភាព​របស់ Neymar ក៏​បាន​សាយភាយ​ទៅ​កាន់​សំណាក់​ក្លឹប​កំពូលៗ​នៅ​តំបន់​អឺរ៉ុប ដោយ​ពួក​គេ​បាន​ឃ្លាំ​មើល​មិន​ដាក់​ភ្នែក​ជាមួយ​ទេពកោសល្យ​ដ៏​ប៉ិនប្រសព្វ​របស់​យុវជន​វ័យ ១៩ ឆ្នាំ។

មាន​ក្លឹប​ដូច​ជា West Ham, Real Madrid និង Barcelona ជា​ដើម បាន​ចាប់​អារម្មណ៍​លើ​យុវជន​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ។ លុះ​ក្រោយ​មក​ក្លឹប​ម្ចាស់ដី Camp Nou ក៏​ចរចា​ត្រូវរ៉ូវ​ហើយ​បាន​នាំ​យក Neymar មក​កាន់​ទឹកដី​អេស្ប៉ាញ​ជាមួយ​តម្លៃ​ខ្លួន ៥៧ លាន​ដុល្លារ។ ត្រឹម​រយៈ​ពេល ៤ ឆ្នាំ​បន្ទាប់ Neymar មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​លោក ឡើង​ដល់ ២៦៣ លាន​ដុល្លារ ពេល​ដែល Barcelona លក់​រូប​គេ​ឲ្យ​ទៅ​ក្លឹប PSG។

បច្ចុប្បន្ន Neymar ដែល​ប្រែ​ខ្លួន​ពី​ក្មេង​តស៊ូ​អង្គុយ​រៀន​ក្រោម​ពន្លឺ​ភ្លើង​ទៀន បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​កំពូល​ដែល​ស៊ី​ថ្លៃ​ពលកម្ម​ប្រមាណ ៧០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​កំពុង​ក្ដោបក្ដាប់​ទ្រព្យសម្បត្តិ​រួម​ប្រមាណ ១៨៥ លាន​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​ពី CelebrithyNetWorth បាន​ចុះ​ផ្សាយ៕

ប្រភព៖ LifeBlogger