ភ្ញាក់ផ្អើល ក្រោយឃើញឈ្មោះខ្សែប្រយុទ្ធបារាំងមួយរូប នៅលើវេបសាយផ្លូវការបស់ Barcelona

កាលពីថ្ងៃពុធ មានការភ្ញាក់ផ្អើល ក្រោយមានរូបភាពមួយបានបង្ហោះពីពត៌មានរបស់ខ្សែប្រយុទ្ធ Alexandre Lacazette របស់ក្រុម Arsenal នៅលើវេបសាយផ្លូវការរបស់ Barcelona ហើយបានជំរុញអោយមានចចាមអារ៉ាមជាច្រើនបានផ្ទុះឡើង។

នៅក្នុងរូបភាពមួយសន្លឹកដែលគេបាន screenshot នោះពុំមានរូបថតរបស់ Lacazette ឡើយ ប៉ុន្ដែមានភ្ជាប់មកជាមួយនូវពត៌មានមួយចំនួនរបស់កីឡាករ រួមទាំងថ្ងៃខែឆ្នាំកំនើតជាដើម។

សំរាប់ការចែកចាយចចាមអារ៉ាមនេះបានធ្វើអោយ អ្នកគាំទ្រក្រុមកាំភ្លើងធំ មានក្ដីបារម្ភជាខ្លាំង ខណៈដែល កីឡាករវ័យ ២៧ឆ្នាំរូបនេះ កំពុងបង្ហាញទម្រង់លេងយ៉ាងល្អសំរាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Unai Emery ប៉ុន្ដែមានការបកស្រាយ ដ៏សមហេតុផលមួយពីគណនី Twitter @ben_magrill

ម្ចាស់គណនីខាងលើ បានបកស្រាយថា រាល់កីឡាករដែលប្រកួតតទល់ជាមួយ Barcelona នឹងត្រូវបានបញ្ចូលទិន្នន័យចូលទៅកាន់ វេបសាយរបស់ Barca ហើយប្រសិនបើកែប្រែ ID នៅលើ URL របស់វេបសាយនោះ អ្នកនឹងឃើញកីឡាករដទៃទៀតដែលមិនមែនជា កីឡាកររបស់ Barcelona ផងដែរ៕

ប្រភព៖  Football.london