មកស្គាល់កីឡាករកំពូល៥រូប ដែលធ្លាប់ជាម្ចាស់អាវលេខ៧ របស់ Real Madrid

ទីបំផុត តារាឆ្នើម Eden Hazard បានបង្ហាញខ្លួនជាផ្លូវការ ក្នុងនាមជាកីឡាករ Real Madrid ក្រោយពីផ្លាស់មកពី Chelsea ក្នុងតំលៃខ្លួនសរុប ១៣០លានផោន ហើយខ្សែប្រយុទ្ធបែលហ្ស៊ិកបានចុះកុងត្រាជាមួយនឹងក្លឹបយក្សអេស្ប៉ាញ រយៈពេល៥ឆ្នាំ។

កីឡាករវ័យ២៨ឆ្នាំ នឹងទទួលបានអាវលេខ៧ ពីខ្សែប្រយុទ្ធ Mariano Diaz ដែលបានចូលរួមជាមួយក្លឹបសារជាថ្មី។ ហើយបើតាមវេបសាយ talkSPORT.com បានបង្ហាញពីកីឡាករកំពូល៥រូប ដែលធ្លាប់ជាម្ចាស់អាវលេខ៧ របស់ Real Madrid។

៥.  Juanito (1980-86)

ខ្សែប្រយុទ្ធអេស្ប៉ាញ Juanito បានលេងអោយក្លឹបអធិរាជស អស់រយៈពេល១ទសវត្សរ៍ ហើយបានក្លាយជាម្ចាស់អាវលេខ ៧ ក្នុង៦រដូវកាលជាមួយក្លឹប។

អតីតកីឡាកររូបនេះ ត្រូវបានគេស្គាល់ថា កំពូលកីឡាករដែលញាក់បាល់បានល្អ ប៉ុន្ដែជាមនុស្សឆេវឆាវ ហើយកីឡាកររូបនេះ ត្រូវបានពិន័យ មិនអោយចូលរួមប្រកួតបាល់ទាត់នៅអឺរ៉ុប ២ឆ្នាំ ក្រោយប្រមាថមើលងាយ អាជ្ញាកណ្ដាល ក្នុងការប្រកួតពានអឺរ៉ុប។

ទោះយ៉ាងណាក្ដី Juanito បានឈ្នះពានចំនួន១០ជាមួយនឹង Real Madrid ដែលរួមមានពាន LaLiga ៥លើកផងដែរ។

៤.  Emilio Butragueno (1986-95)

អ្នកដែលឈរនៅលេខ៤ ដែលជាអ្នកស្នងតំណែងបន្ទាប់ពី Juanito គឺ Emilio Butragueno ដែលបានពាក់អាវលេខ៧ អស់រយៈពេល៩ឆ្នាំ។

Butragueno លេងក្នុងតំណែងខ្សែប្រយុទ្ធកណ្ដាលរបស់ Real Madrid ហើយបានឈ្នះពានបាន១៦ ជាមួយក្លឹប ដែលរួមមាន ពានលីគកំពូលអេស្ប៉ាញ៦លើក។

៣.  Raymond Kopa (1956-59)

កីឡាករបារាំង Kopa មិនបានជួយក្រុមឈ្នះពានបានច្រើនដូច Juanito ឬ Butragueno នោះទេ ប៉ុន្ដែអ្វីដែលគាត់បានជួយក្លឹប ពិតជាមានតំលៃមិនអាចកាត់ថ្លៃបាន។

ខ្សែបម្រើប្រយុទ្ធរូបនេះ បានចំណាយពេលតែបីឆ្នាំប៉ុណ្ណោះជាមួយនឹងក្លឹបអធិរាជស ប៉ុន្ដែជួយអោយក្រុមលើកពាន អឺរ៉ុប៣លើក ចាប់ពីឆ្នាំ ១៩៥៦ ដល់ ១៩៥៩។

២. Raul (1995-2010)

Raul ជាម្ចាស់អារលេខ៧ ១៥រដូវកាល ក្នុងចំណោម១៦ឆ្នាំ ដែលខ្សែប្រយុទ្ធរូបនេះ បានចំនាយពេលនៅទឹកដី Santiago Bernabeu ដោយរកគ្រាប់បាល់បាន ៣២៥គ្រាប់។

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ បានឈ្នះពាន ១៦ ជាមួយ Real Madrid ដែលរួមមាន Champions League ៣លើក និង រកគ្រាប់បាល់ ក្នុងវគ្គផ្ដាច់ព្រ័ត្រពីរពីរលើកផងដែរ។

១. Cristiano Ronaldo (2010-18)

ជាការពិត Cristiano Ronaldo មិនត្រឹមតែជាម្ចាស់អាវលេខ៧ ដែលជោគជ័យបំផុតសំរាប់ Real Madrid ប៉ុណ្ណោះទេ ថែមទាំងជាកីឡាករឆ្នើមបំផុតសំរាប់ក្លឹបផងដែរ។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ ពាក់អាវលេខ៩ នៅពេលដែលចូលរួមជាមួយជាមួយក្លឹប ប៉ុន្ដែនៅពេលដែល Raul ចាកចេញនៅឆ្នាំ ២០១០ អតីតកីឡាករ Manchester United បានផ្លាស់ប្ដូរមកពាក់លេខ៧វិញ។

Ronaldo រកគ្រាប់បាល់បាន ៤៥០គ្រាប់សំរាប់ក្លឹបយក្សអេស្ប៉ាញ ហើយបានជួយ Real Madrid ឈ្នះពានជាច្រើនរួមមាន Champions League ៤លើកផងដែរ៕

ប្រភព៖ talkSPORT