មានក្លឹបនៅ PL តែមួយនេះគត់ ដែលមានកំណត់ត្រាបាល់ប៉េណាទីអន់បំផុត បន្ទាប់ពី Man Utd រយ:ពេល ១០ ឆ្នាំចុងក្រោយ

បញ្ហាថ្មីៗរបស់ក្រុមបិសាចក្រហម Manchester United គឺកើតចេញពីការពិន័យបាល់ប៉េណាល់ទី ដែលបានធ្វើឱ្យពួកគេមានកំណត់ត្រាអន់បំផុត ដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងចំណោមក្លឹបនៅ Premier League ។

គួរបញ្ជាក់ថាទាំង Paul Pogba និង Marcus Rashford បានធ្វើឲ្យខកខានចំពោះការស៊ុតបាល់ពិន័យសម្រាប់ក្រុមបិសាចក្រហម មុនពេលការប្រកួតមិត្តភាពអន្តរជាតិមកដល់ ខណៈដែលគ្រូបង្វឹកលោក Ole Gunnar Solskjaer កំពុងស្វែងរកជម្រើស ដែលអាចទុកចិត្តបានសម្រាប់តួនាទីនេះ ។

ហើយយ៉ាងណាមិញក្រឡេកមើលអត្រាជោគជ័យនៃការស៊ុតបាល់ប៉េណាល់ទី ក្នុងរយៈពេល ១០ រដូវកាលចុងក្រោយរបស់ក្រុមក្នុងលីគកំពូលអង់គ្លេស បានបង្ហាញឱ្យឃើញថាមានតែក្រុមមួយគត់ ដែលមានកំណត់ត្រាអន់បំផុតបន្ទាប់ពី Man Utd ។

ជាក់ស្តែងក្រុមបិសាចក្រហមបានខកខានការស៊ុតបាល់ប៉េណាល់់ទីចំនួន ១៧ លើក ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ដោយស៊ុតបញ្ចូលទីចំនួន ៤១ ក្នុងចំណោម ៥៨ ដង ។

ហើយក្នុងចំណោមក្លឹបចំនួន ២០ នៅ Premier League រដូវកាលនេះ មានតែ Norwich ប៉ុណ្ណោះ ដែលមានកំណត់ត្រាអាក្រក់ជាងនេះ ដោយខកខានការស៊ុតបាល់ប៉េណាល់់ទីចំនួន ៦ លើក ក្នុងចំណោមការពិន័យ ៧ លើកចុងក្រោយ និងខកខានចំនួន ១៦ លើក ក្នុងចំណោម ៤៣ លើក រយៈពេល ១០ ឆ្នាំចុងក្រោយ  ៕

ប្រភព: Daily Mail