មិត្តចាស់​ Ozil ទម្លាយមូលហេតុដែលនាំឲ្យ កីឡាករអាល្លឺម៉ង់ធ្លាក់ទម្រង់លេងយ៉ាងខ្លាំងបំផុត

កីឡាករ Mesut Ozil បច្ចុប្បន្នមិនសូវបានបង្ហាញខ្លួននៅលើទីលានប្រកួតជាមួយក្រុមកាំភ្លើងធំ Arsenal ប៉ុន្មាននោះឡើយ ត្បិតគ្រូបង្វឹក Mikel Arteta ហាក់មិនមានគម្រោងការណ៍ជាមួយនឹងកីឡាករអាល្លឺម៉ង់ទាល់តែសោះ។

Mesut Ozil   

គួររំឭកមកវិញថា Ozil បានចូលរួមជាមួយ Arsenal កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃខ្លួនថ្លៃបំផុតមួយនៅក្នុងក្រុមនាពេលនោះគឺ ៤៧ លានអឺរ៉ូពីក្រុម Real Madrid។ តែ ៧ ឆ្នាំក្រោយការផ្លាស់មកលេងនៅអង់គ្លេស គេសង្កេតឃើញថា Ozil មានការធ្លាក់ចុះនូវទម្រង់លេងយ៉ាងខ្លាំង ជាពិសេសគឺរយៈកាលចុងក្រោយតែម្ដង។

Per Mertesacker

ជាមួយនឹងគ្នានេះផងដែរ Per Mertesacker ដែលជាមិត្តចាស់របស់​ Ozil បានទម្លាយឲ្យដឹងថា មូលហេតុចម្បងនៃការធ្វើឲ្យធ្លាក់ចុះនៃទម្រង់លេងរបស់កីឡាករវ័យ ៣២ ឆ្នាំ គឺដោយសារតែ បច្ចុប្បន្នខ្សែបម្រើប្រយុទ្ធរូបនេះហាក់មានការប្រែប្រួលក្នុងការផ្ដោតអារម្មណ៍នៅលើទីលាន ត្បិតរូបលោកក៏មានគ្រួសារដែលត្រូវគិតគូរថែមទៀត។

Mesut Ozil

ប្រាប់ទៅកាន់ Klick and Rush podcast ខ្ញីចាស់ខាងលើនិយាយថា៖ “មានការប្រែប្រួលច្រើនណាស់នៅលើទីលានប្រកួត។ បច្ចុប្បន្នគាត់មានគ្រួសារ ដូច្នេះការផ្ដោតអារម្មណ៍អាចនឹងមានការផ្លាស់ប្ដូរ តែគាត់នៅតែសប្បាយចិត្តក្នុងការលេងបាល់ដូចដើម”។

Mesut Ozil និង Per Mertesacker

លោក Mertesacker បន្ថែមថា៖ “គាត់គឺជាកីឡាករតែមួយរូបគត់ដែលខ្ញុំចាប់ដៃគូជាមួយដល់ទៅ ៣ ក្រុមគឺ Bremen, Arsenal និងក្រុមជម្រើសជាតិអាល្លឺម៉ង់។ ស្រាប់តែឃើញគាត់ស្ថិតក្នុងសភាពបែបនេះ ខ្ញុំពិតជាមានអារម្មណ៍អាណិតគាត់ខ្លាំងមែនទែន”៕

ប្រភព: GOAL 

អានអត្ថបទបន្ទាប់៖លោក Ole សរសើរកីឡាករវ័យក្មេងមួយរូប ថាតាមបិទ Neymar និង Mbappe បានល្អ

លោក Ole Gunnar Solskjaer បាននិយាយលើកសរសើរ កូនក្រុមរបស់លោក ជាពិសេសខ្សែការពារវ័យក្មេង Axel Tuanzebe ក្រោយពីបានយកឈ្នះលើ Paris Saint-Germain នៅក្នុងការប្រកួតបើកឆាកវគ្គចែកពូល Champions League។

អ្នកចាត់ការក្រុមបិសាចក្រហមរូបនេះ បាននិយាយថា កីឡាករវ័យ២២ឆ្នាំ បានធ្វើឱ្យមានការភ្ញាក់ផ្អើលចំពោះសមត្ថភាពលេងបានយ៉ាងល្អ ក្នុងនាមជាខ្សែការពារកណ្ដាលជំនួសប្រធានក្រុម Harry Maguire ដែលមានបញ្ហារបួស។

លោក​ Solskjaer បាននិយាយថា៖ “Alex ធ្វើបានយ៉ាងល្អ គេមិនបានចូលលេងជាង១០ខែមកហើយ ការបង្ហាញទម្រង់លេងបែបនេះទល់នឹង Neymar និង Mbappe បានធ្វើឱ្យយើងភ្ញាក់ផ្អើលខ្លាំងណាស់។ យើងដឹងថាគេជាកីឡាករល្អ ប៉ុន្ដែការលេងបានយ៉ាងល្អនៅរាត្រីនេះ ពិតជាអស្ចារ្យណាស់។”

ក្រោយសាងភាពលេចធ្លោសម្រាប់ការប្រកួតពានអឺរ៉ុប Tuanzebe អាចនឹងមានឱកាសសារជាថ្មី ដើម្បីបង្ហាញសមត្ថភាពលើទីលានប្រកួត នៅចុងសប្ដាហ៍នេះ ដោយ Man United ត្រូវស្វាគមន៍ក្រុម Chelsea នៅទឹកដី Old Trafford សម្រាប់ការប្រកួត Premier League៕