មិត្ត​ចាស់​មួយ​រូប ដែល Ronaldo ធ្លាប់​សរសើរ​ថា​លេង​ល្អ​ជាង​ខ្លួន ពេល​នេះ​ជោគជ័យឬបែប​ណា​ហើយ?

Cristiano Ronaldo ​គឺ​ជា​កីឡាករ​បាល់ទាត់​មួយ​រូប ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ជាង​នរណាៗ​ទាំង​អស់ ហើយ​ជានិច្ចកាល​លោក​មិន​ងាយ​នឹង​សរសើរ​ថា​នរណា​មាន​សមត្ថភាព​ល្អ​ជាង​លោក​នោះ​ឡើយ។

ពាក្យ​សម្តី​ដែល CR7 ធ្លាប់​និយាយ​ប្រាប់ France Football រយៈ​ពេល​ចុង​ក្រោយ​នេះ លោក​ថា៖ “ខ្ញុំ​គឺ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់ ដោយ​ខ្ញុំ​គោរព​រាល់​សិទ្ធ​នៃ​ការ​ជ្រើសរើស​របស់​អ្នក​រាល់​គ្នា តែ​សម្រាប់​ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់ គឺ​មិន​ធ្លាប់​ឃើញ​នរណា​ល្អ​ជាង​ខ្ញុំ​នោះ​ទេ ដោយ​ខ្ញុំ​លេង​បាន​ល្អ​ទាំង​ជើង​សង​ខាង ខ្ញុំ​លឿន កម្លាំង​ក៏​ខ្លាំង ការ​តែត​បាល់​ក៏​ល្អ និយាយ​ទៅ​បាន​ទាំង​ការ​ស៊ុត​ទាំង​ការ Assist ត្បិត​មាន​មតិ​ខ្លះ​ដែល​ជ្រើសរើស​យក Neymar ឬ Messi តែ​ខ្ញុំ​ប្រាប់​អ្នក​ចុះ មិន​មាន​កីឡាករ​បាល់ទាត់​ណា​ដែល​មាន​លក្ខណៈ​ពេញលេញ​ដូច​ខ្ញុំ​ឡើយ”។​

Cristaino Ronaldo

ប៉ុន្តែ​កាល​ពី​ជាង ១៧ ឆ្នាំ​មុន ពោល​គឺ​មុន​ពេល Ronaldo ប្រែ​ក្លាយ​ជា​កីឡាករ​មាន​ឈ្មោះ​បោះ​សំឡេង​ដូច​សព្វថ្ងៃ បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ មិន​បាន​គិត​ដូច​ខាង​លើ​ឡើយ ផ្ទុយ​ទៅ​វិញ​លោក​ធ្លាប់​សរសើរ​ដល់​មិត្ត​រួម​ទ្រនំ​ចាស់​នៅ​ឯ​ក្លឹប Sporting Lisbon មួយ​រូប ថា​មាន​គុណភាព​លេង​ល្អ​ជាង​ខ្លួន នោះ​គឺ Fabio Paim។

ត្រលប់​ទៅ​ឆ្នាំ ២០០៣ អតីត​កីឡាករ​ Man Utd បាន​និយាយ​ក្រោយ​ទើប​ចាកចេញ​ពី Sporting ថ្មីថ្មោង​ថា៖ “ប្រសិន​អ្នក​គិត​ថា​ខ្ញុំ​ល្អ នោះ​កុំ​ទាន់គិតបែបហ្នឹង​អី ​ព្រោះ​ចាំ​មើល​ការ​លេង​របស់ Fabio Paim សិន​ទៅ”។

Fabio Paim
Fabio Paim

សម្តី​មួយ​ឃ្លា​នេះ ល្មម​ឲ្យ​អ្នក​គាំទ្រ​ក៏​ដូច​ជា​ក្លឹប Man Utd ផ្ទាល់ រាង​មាន​ការ​ស្រងាក​ចិត្ត​បន្តិច​ដែរ ព្រោះ​មិន​ច្បាស់​ថា​ក្លឹបទិញ​យក Ronaldo ហើយ​រំលង Paim ជា​រឿង​ត្រូវ​ឬ​អត់​នោះ​ទេ។

ប៉ុន្តែ​គ្រប់​យ៉ាង​គឺ​បាន​ប្រែស្រឡះ​ដូច​អ្វី​អ្នក​រាល់​គ្នា​បាន​ឃើញ​ទល់​សព្វថ្ងៃ ដែល​ក្រោយ​ពេល​ Ronaldo ចូលរួម​អាជីព​នៅ Man Utd ​លោក​បាន​វិវត្ត​ខ្លួន​ជា​បន្តបន្ទាប់ ​ពី​ក្លឹប​កំពូល​មួយ​ទៅ​ក្លឹប​កំពូល​មួយ និង​ឈ្នះ​ពាន​ធំ​តូច​រាប់​ភ្លេច ហើយ​អាជីព​របស់ Paim ដែល​ជា​បុគ្គល​ធ្លាប់​ត្រូវ​បាន Ronaldo ​​សរសើរនោះ ​បែរ​ជា​ខុស​ពី​ការ​រំពឹង​ទុក​ទាំង​ស្រុង​ទៅ​វិញ។

Fabio Paim ធ្លាប់​លេង​រួម​ជើង​ជាមួយ Ronaldo នៅ​ថ្នាល​យុវជន​ Sporting អំឡុង​ឆ្នាំ ១៩៩២-២០០២ រហូត​ដល់​ឆ្នាំ ២០០៧ ទើប​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ មានឱកាស​ឡើង​មក​លេង​នៅ​ឈុត​ធំ។ ៣ ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០១០ រូប​គេ​បាន​ត្រឹម​ផ្ទេរ​ចេញ​ពី​ក្លឹប​មួយ​ទៅ​ក្លឹប​មួយ នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ដល់​ទៅ ៦ ក្លឹប​ឯ​ណោះ ហើយ​មិន​សូវ​បាន​លេង​ពេញ​ជើង​ទេ ដោយ​ក្នុង​នោះ​មាន​តែ​ក្លឹប Chelsea មួយ​គត់ ដែល​ជាប់​ជា​ក្លឹប​រាង​មាន​ឈ្មោះ​បោះ​សំឡេង​បន្តិច តែ​មិនមាន​ឱកាស​ជាប់​ឈ្មោះ​លេង​នៅ​ប្រកួត PL សូម្បី​តែ​មួយ​លើក។

Fabio Paim
Fabio Paim

ចាប់​ពី​ឆ្នាំ​២០១០ រៀង​មក Paim បាន​ហោះ​ចុះ​ឡើង ឆ្លង​កាត់​ការ​លេង​ឲ្យ​ក្លឹប​ចំនួន ១២ នៅ​ប្រទេស​ទាំង ៧ មាន​តាំង​ពី​ចិន អង់ហ្គោឡា ម៉ាល់តា លីទុយអានី លុចហ្សំបួរ កាតា និង​ប្រេស៊ីល ហើយ​តម្លៃ​ខ្លួន​របស់​លោក​ខ្ពស់​បំផុត​ឡើង​បាន​ត្រឹម ៤០ មុឺន​អឺរ៉ូ​តែ​ប៉ុណ្ណោះ។ រហូត​ដល់​ឆ្នាំ ២០១៨ ក្លឹប Leixoes B គឺ​ជា​ក្លឹប​ចុង​ក្រោយ​របស់​លោក ​មុន​ប្រកាស​ចូល​និវត្ត​ក្នុង​វ័យ ៣០ ឆ្នាំ។

មក​ទល់​ឆ្នាំ ២០២០ នេះ មិន​ធ្លាប់​មាន​របាយការណ៍​ទាក់ទិន​នឹង​ដំណើរ​ជីវិត​របស់ Paim ទៀត​នោះ​ទេ តែ​ត្រឹម​ដឹង​ថា​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៩ លោក​ធ្លាប់​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​រក្សា​ទុក​គ្រឿង.ញៀន តែ​ចុងក្រោយ​ការ​ចោទ​ប្រកាន់​មិន​ទទួល​បាន​ជោគជ័យ ​ក្រោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់៕

ប្រភព៖ GiveMeSport