មិត្ត​រួម​ក្រុម Ronaldo ម្នាក់​ប៊ិះ​នឹង​បាន​ផ្លាស់​ទៅ PSG តែ​ត្រូវ​ច្បាប់ UEFA រាំង​ស្ទះ

តាម​របាយការណ៍​ពី Bild ​បាន​ឲ្យ​ដឹង​ថា​មិត្ត​រួម​ជម្រើស​ជាតិ​របស់​ Cristiano Ronaldo គឺ​កីឡាករ Raphael Gurreiro ​ធ្លាប់​មាន​ដំណឹង​ថា​គ្រោង​ផ្លាស់​ទៅ​ក្លឹប Paris Saint-Germain នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ ប៉ុន្តែ​ត្រូវ​បាន​ខកខាន​ទៅ​វិញ​ព្រោះ​ក្លឹប​បារាំង​ខ្លាច​ល្មើស​ច្បាប់​ហិរញ្ញ​វត្ថុ (FFP) ដែល​ពួក​គេ​ចំណាយ​លើសលប់​ ប្រឈម​នឹង UEFA ធ្វើ​ការ​ពិន័យ។

Gurreiro ក៏​តែងតែ​បង្ហាញ​ខ្លួន​ជា​ញឹកញាប់​ឲ្យ​ក្លឹប Borussia Dortmund ​ប៉ុន្តែ​ការ​ផ្លាស់​ទៅ​ចូលរួម​នៅ PSG នៅ​តែ​ជា​ភាគរយ​ខ្ពស់ ព្រោះ​តាម​ចចាមអារ៉ាម​ល្ហិចល្ហៀង​កន្លង​មក​ថា​ភាគី​សាមី​ខ្លួន​ផ្ទាល់​ពិត​ជា​មាន​ចិត្ត​ចង់​ចាកចេញ​ពី​ក្លឹប​អាល្លឺម៉ង់។

យ៉ាងណាមិញ​តាម​ការ​លើក​ឡើង​របស់​ក្លឹប ដោយ​នាយក​ជាន់​ខ្ពស់​លោក Hans-Joachim Watzke ​បាន​និយាយ​មុន​នេះ​ថា៖ “យើង​មាន​បំណង​ចង់​បន្ត​កុងត្រា​ថ្មី​ឲ្យ​គេ ដោយ​កន្លង​មាន​បណ្តា​ក្លឹប​ខ្លះ​ចូល​ចរចា​ចង់​បាន Gurreiro ប៉ុន្តែ​ប្រសិន​ណា​យើង​ដឹង​ថា​គាត់​មិន​ចង់​បន្ត​នៅ​ទី​នេះ​ទេ នោះ​យើង​ក៏​នឹង​រៀប​ចំ​ផែនការណ៍​គិត​គូ​ពី​អនាគត​របស់​គាត់​វិញ”។

បញ្ជាក់​ថា​ត្បិត​ក្រុម​ការពារ​ជើង​ឯក Ligue 1 ត្រូវ​រាំង​ស្ទះ​លើ​ការ​ចំណាយ​សម្រាប់​រដូវ​ក្តៅ តែ​ក៏​ទំនង​ជា​នឹង​ពន្យារពេល​លើក​ការ​ទិញ​កីឡាករ​ព័រទុយហ្គាល់​ទៅ​ពេល​ក្រោយ​ឬ​អាច​ជា​នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​នា​ខេ​មករា។ ប្រភព៖ FoxSportAsia