មិនធម្មតា! អ្នកចាំទីហ្ស៊កដានី បានស៊ុតបញ្ចូលទីពីចំងាយយ៉ាងឡូយ ក្នុងជំនួបមិត្តភាពទល់នឹងឥណ្ឌា

អ្នកចាំទីក្រុមជម្រើសជាតិហ្ស៊កដានី Amer Shafi បានធ្វើអោយមានការភ្ញាក់ផ្អើលមួយ ក្នុងការប្រកួតមិត្តភាពទល់នឹងក្រុមឥណ្ឌា ដោយបានស៊ុតពីមុខទីរបស់ខ្លួន បញ្ចូលទីគូប្រកួត។

នៅនាទីទី២៥ ក្នុងការប្រកួតនោះ Shafi បានចាប់បាល់ដែលស៊ុតពីចំងាយ ដោយអ្នកចាំទី  Gurpreet Singh Sandhu របស់ក្រុមឥណ្ឌា។ ប៉ុន្ដែអ្វីដែលមិននឹកស្មានដល់នោះ Shafi បានយកបាល់ដែលខ្លួនចាប់បាននោះ ស៊ុតមួយទំហឹង ហើយក៏បានលោតចូលទីគូប្រកួត ខណៈដែលអ្នកចាំទីក្រុមឥណ្ឌាព្យាយាមជួយសង្គ្រោះ តែបាល់បានចូលសំណាញ់ទីទៅហើយ។

យ៉ាងណាម៉ិញ មុនពេលរបូតគ្រាប់បាល់នេះ Gurpreet បានសង្គ្រោះបាល់១១ម៉ែត្រ ដែលស៊ុតដោយ  Khalil Bani Attiah ប៉ុន្ដែ ក្រុមហ្ស៊កដានី បានយកឈ្នះក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន King Abdullah៕

ប្រភព៖ Fox Sports

មតិយោបល់