មិនបង្អង់យូរ! Ajax ទិញបានកីឡាករប្រេស៊ីលម្នាក់ មកជំនួស Ziyech ដែលផ្លាស់ទៅ Chelsea

ក្លឹបយក្សហូឡង់ Ajax បានប្រកាសថា ពួកគេបានចុះហត្ថលេខាជាមួយនឹងកីឡាករ Antony Matheus dos Santos ពីក្លឹបប្រេស៊ីល Sao Paulo ដើម្បីមកជំនួសតំណែង ខ្សែបម្រើ Hakim Ziyech ដែលផ្លាស់ទៅ Chelsea នៅរដូវកាលក្រោយ។

កីឡាករក្រុមជម្រើសជាតិប្រេស៊ីលក្រោមអាយុ២៣ឆ្នាំ Anthony បានចុះកុងត្រារយៈពេល៥ឆ្នាំជាមួយនឹង Ajax រយៈពេល៥ឆ្នាំ ដែលមានន័យថា រូបគេនឹងចំណាយពេលរួមរស់នៅទីក្រុងអាំស្ទែរដាម ដល់ចុងខែមិថុនា ឆ្នាំ ២០២៥។

ហើយ Ajax នឹងត្រូវចំណាយ ១៥.៧៥លានអឺរ៉ូ (១៧លានដុល្លារ) សម្រាប់ក្លឹប Sao Paulo ហើយការចំណាយអាចកើនឡើងដល់ ២១.៧៥លានអឺរ៉ូ អាស្រ័យលើលក្ខខណ្ឌការចចារដែលបានកំណត់រវាងភាគីទាំងសងខាង។

បើតាមការរាយការណ៍បានឲ្យដឹងថា Ajax បានយកឈ្នះក្លឹប Borussia Dortmund និង ក្លឹបមួយចំនួនទៀត ក្នុងការនាំយក កីឡាករប្រេស៊ីលវ័យ១៩ឆ្នាំរូបនេះ មកចូលរួមជាមួយពួកគេ៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ Pep ធានាថាកីឡាករសំខាន់ម្នាក់របស់ Man City អាចលេងពេញម៉ោងទល់នឹង Real Madrid នៅ Champions League

លោក Pep Guardiola បានបង្ហាញទំនុកចិត្ដថា ខ្សែការពារ Aymeric Laporte ត្រៀមខ្លួនរួចរាល់ក្នុងការចូលលេងដល់ចប់ការប្រកួតទល់នឹង Real Madrid នៅថ្ងៃពុធខាងមុខនេះ ទោះបីជាកីឡាកររូបនេះ ត្រូវបានប្ដូរចេញនៅក្នុងការប្រកួតជ័យជំនះ 1-0 ទៅលើ Leicester City កាលពីថ្ងៃសៅរ៍កន្លងទៅក្ដី។

Laporte ត្រូវបានប្ដូរចេញ ហើយជំនួសដោយ Nicolas Otamendi បន្ទាប់ពីចំណាយពេលបាន ៥៧នាទី ហើយវាជាប្រកួតទី៣របស់គេ បន្ទាប់ត្រលប់ពីរបួសជង្គង់រយៈពេលវែង។

លោក Guardiola បានបញ្ជាក់ថា មិនមានបញ្ហារបួសឡើយសម្រាប់ ខ្សែការពារសញ្ជាតិបារាំង ប៉ុន្ដែល្បឿនតំបន់ប្រយុទ្ធរបស់ Leicester ហាក់ពិបាកក្នុងការទប់ទល់ សម្រាប់កីឡាករដែលទើបតែចាប់ផ្ដើមស្ដារចង្វាក់លេងរបស់ខ្លួនឡើងវិញ។

លោកបាននិយាយថា៖ “គេបានសុំខ្ញុំប្ដូរចេញ។ គេមិនមានបញ្ហារបួសនោះទេ។ យើងមិនត្រូវភ្លេចទេថា គេបានខកខានរយៈពេល ៤ ទៅ ៥ ខែដោយសាររបួស។ ពួកគេរត់បានលឿន, (Jamie) Vardy, Kelechi (Iheanacho), (Harvey) Barnes ពួកគេពិតជាមានល្បឿនលឿនណាស់។

“វាពិតជាមានការខុសប្លែកពីប្រកួតទល់នឹង West Ham ដែលមានខ្សែប្រយុទ្ធតែម្នាក់ ដូច្នេះវាងាយស្រួលក្នុងការគ្រប់គ្រង ប៉ុន្ដែគេមិនអីទេ។”

នៅពេលដែលត្រូវបានសួរថាតើ Laporte អាចចូលលេងក្នុងការប្រកួត Champions League វគ្គ១៦ក្រុមជើងទី១ ទល់នឹងក្រុម Real Madrid បានឬយ៉ាងណា លោក Guardiola បានឆ្លើយតបថា៖ “បាន! Laporte បានត្រលប់មកវិញ យ៉ាងសន្សឹមៗសម្រាប់សកម្មភាពប្រកួត ពីរបួសជង្គង់កាលប្រកួតទល់នឹង Brighton នៅថ្ងៃទី ៣១ ខែកញ្ញាកន្លងទៅ។”

ប្រភព៖ Be Soccer