មុន​ប៉ះ​វៀតណាម គ្រូ​ថ្មី​ក្រុម​ជម្រើស​ជាតិ​ថៃ សរសើរ​ចំៗ​ដល់​កីឡាករ​ ៣ រូប

លោក Akira Nishino ត្រូវ​បាន​ចាត់តាំង​ជា​គ្រូ​បង្គោល​ថ្មី​របស់​ក្រុម​ដំរី​ថៃ ​មុន​ដល់​ពេល​ត្រៀម​តតាំង​ក្រុម​នាគ​មាស​វៀតណាម​នៅ​ការ​ប្រកួត​ជម្រុះ​ FIFA World Cup ២០២២ Qualifiers។

លោក Nishino ដែល​បាន​ដឹកនាំ​ឲ្យ​ជប៉ុន​ឡើង​ដល់​វគ្គ ១៦ ​ក្រុម​នៅ FIFA World Cup ឆ្នាំ ២០១៨ ក្នុង​ប្រទេស​រុស្ស៊ី ​បាន​ចុច​ដល់​ឈ្មោះ​កីឡាករ ៣ រូប​របស់​ថៃ​ដែល​កំពុង​លេង​នៅ​ក្របខ័ណ្ឌ​កំពូល J.Leauge ថា​ជា​ក្តី​សង្ឃឹម​ខ្ពស់​សម្រាប់​លោក​ក្នុង​ការ​ជួយ​ក្រុម​ទាំង​មូល។

ក្នុង​នោះ​មាន​ដូច​ជា Chanathip Songkrasin លេង​ឲ្យ​ក្លឹប Consadole Sapporo, Theerathon Bunmathan លេង​ឲ្យ​ក្លឹប Yokohama F.Marinos និង Thitipan Puangjan លេង​ឲ្យ​ក្លឹប Oita Trinita។

ប្រាប់​សារព័ត៌មាន Bangkok Post លោក Nisihno បញ្ជាក់​ថា៖ “ការ​ដែល​លេង​នៅ J.Leauge គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា​អ្នក​ទាំង​បី​មាន​ឥទ្ធិពល ហើយ​ខ្ញុំ​រំពឹង​ថា​ពួក​គេ​នឹង​ជា​កីឡាករ​សំខាន់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ថៃ”។

លោក​បន្ត៖ “ទាក់ទិន​នឹង​កីឡាករ​ដទៃ ខ្ញុំ​ចង់​មើល​ការ​លេង​របស់​ពួក​គេ ពោល​គឺ​អ្វី​ដែល​សំខាន់​សម្រាប់​កីឡាករ​ជម្រើស​ជាតិ គឺ​ចាំ​បាច់​ពួក​គេ​ត្រូវ​មាន​ឆន្ទៈ​និង​ស្មារតី​សម្រាប់​ប្រទេស​ជាតិ​របស់​ពួក​គេ”។ ប្រភព៖ FoxSportAsia