មេធំ Barcelona ចេញមុខបដិសេធចំៗ ថាមិនបានចង់ចុះហត្ថលេខាលើតារាឆ្នើមបារាំងរូបនេះទេ

ក្រុម Barcelona កំពុងតែមមាញឹកក្នុងការចុះហត្ថលេខាលើកីឡាករក្មេងៗ ដើម្បីត្រៀមទុកសម្រាប់ពេលអនាគត ខណ:ពួកគេបានចុះហត្ថលេខាលើកីឡាករ Jean-Clair Todibo និង Frenkie de Jong រួចរាល់ហើយ ហើយក៏កំពុងតែស្វែងរកបន្ថែមទៀតផងដែរ ។

តែទោះជាយ៉ាងណាប្រធានក្លឹប Josep Maria Bartomeu ឥឡូវនេះបានធ្វើការបដិសេធចំពោះការផ្លាស់ប្តូរដ៏សំខាន់មួយ សម្រាប់តារាឆ្នើមបារាំងម្នាក់ នៅរដូវក្តៅខាងមុខនេះ ។

យ៉ាងណាមិញដោយថ្លែងទៅកាន់ Televisión Espanõla ប្រធានក្លឹបនៅ La Liga រូបនេះបានបង្ហាញថាលោកមិនមានគម្រោងតាមទិញយក Antoine Griezmann ទេ ខណ:កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានផ្សាភ្ចាប់ជាមួយក្លឹប Barca យ៉ាងខ្លាំង ។

លើសពីនេះលោក Josep Maria បានប្រាប់ទូរទស្សន៍ TVE ថា ៖ “Griezmann គឺជាកីឡាកររបស់ក្លឹប Atletico Madrid ហើយគាត់មានកិច្ចសន្យាជាមួយពួកគេ ។ ខ្ញុំចូលចិត្តកីឡាករល្អៗ នៅអេស្ប៉ាញ ព្រោះគាត់ផ្តល់តម្លៃដល់ក្របខណ្ឌ La Liga  ឧទាហរណ៍ដើម្បីទទួលបានអ្នកឧបត្ថម្ភ ។ ប្រសិនបើ Griezmann ចង់មកគាត់នឹងនិយាយជាមួយគ្រូបង្វឹក ប៉ុន្តែឈ្មោះរបស់គាត់គឺមិនស្ថិតក្នុងបញ្ជីរបស់ពួកយើងទេ ” ៕

ប្រភព: FoxsportAsia