មេ​ចាស់ Madrid៖ “Zidane ​មក​ម្តង​នេះ គឺ​ចង់​មក​បញ្ចប់​អាជីព​របស់​កីឡាករ​ឆ្នើម​ម្នាក់”

អតីត​ប្រធាន​ក្លឹប​របស់​ Real Madrid គឺ​លោក Ramon Calderon បាន​បង្ហាញ​ការ​ជឿជាក់​ការ​វិល​ត្រលប់​របស់ Zinedine Zidane មក​ដឹកនាំ​ក្លឹប​ជា​លើក​ទី​ពីរ គឺ​មក​បញ្ចប់​រឿង​ចាស់​នៃ​ការ​ចង់​ដក​ចោល Gareth Bale ចេញ​ពី​ក្លឹប។

ការ​ចាកចេញ​របស់ Zidane ពី Bernabeu កាល​ពី​ឆ្នាំ​ទៅ គឺ​ដោយ​សារ​ការ​មិន​យល់​ចិត្ត​គ្នា​ជាមួយ​លោក Perez ដែល Zidane ចង់​ទុក Ronaldo ហើយ​លក់ Bale តែ​ផ្ទុយ​ទៅ​វិញ​បែរ​ជា​ Perez លក់​ចេញ CR7 ទៅ​កាន់​ក្លឹប Juventus ទើប​បញ្ឆេះ​ចិត្ត​ឲ្យ​អ្នកចាត់ការ​សញ្ជាតិ​បារាំង​ប្រកាស​លា​ឈប់​តែ​ម្តង​ទៅ។

ជជែក​ប្រាប់ Sky Sports លោក Calderon បាន​និយាយ​ថា៖ “វា​គ្មាន​ភាព​ស្ថិតស្ថេរ​នោះ​ទេ ទាំង​សម្រាប់​អ្នក​រាល់​គ្នា កីឡាករ អ្នកចាត់ការ​និង​ក្លឹប ដោយ​ Zidane ​បាន​ចាកចេញ​កាល​ពី​រដូវ​កាល​មុន ព្រោះ​គាត់​ចង់​ទុក Cristiano Ronaldo ហើយ​លក់​ចេញ Bale”។

លោក​បន្ត៖ “តែ​ប្រធាន​ក្លឹប​មិន​តាម​យោបល់​របស់ Zidane ហើយ​គេ​ក៏​ចាកចេញ​ពី​ក្លឹប​ទៅ ប៉ុន្តែ​ការ​ត្រលប់​មក​ពីរ​ខែ​មុន​នេះ គឺ​ Zidane សន្យា​ហើយ​ថា Bale នឹង​មិន​អាច​បន្ត​នៅ​ Madrid ទៀត​ទេ​ក្នុង​ថ្ងៃ​ខាង​មុខ ​ស្តាប់​ទៅ​ការ​បញ្ចេញ​មតិ​របស់​គាត់​រាង​ពិបាក​ទទួល​យក ប៉ុន្តែ​គាត់​បាន​បង្ហាញ​ច្បាស់​ពី​ស្ថានភាព​ជាក់ស្តែង ហើយ​អ្វី​ដែល​ល្អ​បំផុត​គឺ​មាន​តែ​ការ​ស្វែងរក​ដំណោះស្រាយ​ប៉ុណ្ណោះ”។ ប្រភព៖ Soccerladuma