ម្តង​នេះ​រៀង! ឌឺដង Ramos ពេក ឥឡូវ UEFA ចេញ​មុខ​កាត់​សេចក្តី ល្មម Lovren ទឹក​ភ្នែក

ក្រោយ​ការ​ត្រួតពិនិត្យ​ពី​ក្រុម​ការងារ​ក្រម​សីលធម៌​នៃ​សមាគម​បាល់ទាត់​អឺរ៉ុប UEFA បាន​សម្រេច​ផាកពិន័យ​លើ​ករណី​ដែល​ខ្សែ​ការពារ​សញ្ជាតិ​ក្រូអាត Dejan Lovren ប្រើ​ពាក្យ​សម្តី​ប្រមាថ​មើលងាយ​ទៅ​លើ​កីឡាករ Sergio Ramos បន្ទាប់​ពី​បិទ​ការ​ប្រកួត​រវាង​ក្រុម​អេស្ប៉ាញ​និង​ក្រូអាត​នា​ជំនួប UEFA Nations League កន្លង​ទៅ។

ខ្សែ​ការពារ​វ័យ ២៩ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ពិន័យ​មិន​ឲ្យ​ចូលរួម​ ១ ប្រកួត​ក្នុង​ជំនួប​បន្ទាប់​របស់​ក្រូអាត​ដែល​ត្រូវ​ជា​វគ្គ​ជម្រុះ Euro 2020 ក្នុង​ទឹក​ដី Azerbaijan នា​ខែ​មិនា​ខាង​មុខ។ មួយ​ផ្សេង​ទៀត Lovren ក៏​ត្រូវ​បាន​ប្រភព​បញ្ជាក់​ថា​ទទួល​រង​ការ​ផាក​ពិន័យ​នូវ​ទឹក​ប្រាក់ ១៣ ០០០ អឺរ៉ូ​បង្វិល​ចូល​សហព័ន្ធ​បាល់ទាត់​ក្រូអាត​ថែម​ទៀត​ផង​ដែរ។

រំឭក​ថា​ចាប់​តាំង​ពី​ប៉ះ​គ្នា​នៅ Champions League ខែ​ឧសភា ឆ្នាំ ២០១៨ រវាង Lovren និង Ramos បាន​ប្រើ​សម្តី​និង​កាយវិការ​ឌឺដង​គ្នា​ម្តង​ហើយ​ម្តង​ទៀត​ឥត​ស្រាកស្រាន្ត ដោយ​ភាគី​សងខាង​ប្រកែក​យក​ឈ្នះ​រៀង​ខ្លួន ប៉ុន្តែ​ចុង​បញ្ចប់​កាត់​សេចក្តី​ដោយ UEFA គឺ Ramos អាច​ថា​ជា​អ្នក​ឈ្នះ អ៊ីចឹង​តើ​រឿង​នេះ​នឹង​បន្ត​ឬ​បញ្ចប់​ត្រឹម​នេះ?

ប្រភព:Marca

មតិយោបល់