យុវជន​វ័យ ១៨ ឆ្នាំ​សុំ​កក់​អាវ​លេខ ១០ ទុក​មុន ឲ្យ​តែ Real ប្រកាសទទួលយក Hazard ជាផ្លូវការ

អាវ​លេខ ១០ របស់ Eden Hazard ត្រូវ​បាន​យុវជន​វ័យ ១៨ ឆ្នាំ​គឺ Callum Hudson-Odoi បាន​ចាប់​អារម្មណ៍​ចង់​ស្នង​ជំនួស​រួច​ជា​ស្រេច បន្ទាប់​ពី​ល្ហិចល្ហៀង​ចចាមអារ៉ាម​កាន់​តែ​កៀក​ជិត​ថា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក​ត្រៀម​ផ្លាស់​ទៅ​ចូលរួម​នៅ Real Madrid។

យោង​តាម​សារព័ត៌មាន Goal.com បាន​ចុះ​ផ្សាយ​លម្អិត​ថា​ Hudson-Odoi ឆ្លៀត​ពេល​វេលា​ដ៏​ល្អ​នេះ ចង់​ស្នង​អាវ​លេខ ១០ របស់​ជើង​ស៊ុត​ប្រចាំ​ក្លឹប ខណៈ​រូប​គេ​រដូវ​កាល​នេះ​ក៏​បាន​ចូលរួម​លេង​ក្នុង​ក្រុម​របស់​លោក Sarri បាន​ប៉ុន្មាន​ប្រកួត​ផង​ដែរ។

វ័យ​ក្មេង​លេង​តំបន់​ប្រយុទ្ធ​រូប​នេះ រំពឹង​នឹង​ព្យាយាម​ជួស​តំណែង​ស្លាប​ប្រយុទ្ធ​របស់ Hazard ដើម្បី​ធានា​បាន​ថា​ខ្លួន​អាច​មាន​ឱកាស​ចរចា​លើ​កិច្ច​ព្រមព្រៀង​បន្ត​កុងត្រា​រយៈ​ពេល​វែង ស្រប​ពេល​កុងត្រា​ចាស់​ដែល​នៅ​សេសសល់​ត្រូវ​ផុត​ត្រឹម​ឆ្នាំ ២០២០។

បញ្ជាក់​ថា​អាវ​លេខ ១០ នៅ Chelsea ក្រៅ​ពី Hazard កន្លង​មក​ក៏​ធ្លាប់​មាន​វីរបុរស​ឯ​ទៀត​ដូច​ជា Joe Cole និង Juan Mata ក៏​ធ្លាប់​ប្រើប្រាស់​លេខ​នេះ​ដូច​គ្នា។

ប្រភព: Metro

មតិយោបល់