រកបាន២គ្រាប់នៅ UCL កីឡាករក្រៅជម្រើសមួយរូប ថាចង់ជោគជ័យជាមួយ Real ជាងក្លឹបបច្ចុប្បន្ន

ខ្សែការពារ Achraf Hakimi មានបំណងចង់ត្រលប់ទៅសាងភាពជោគជ័យសំរាប់ក្លឹប Real Madrid បន្ទាប់ពីរូបគេ បញ្ចប់កុងត្រាខ្ចីជើងជាមួយនឹងក្លឹបយក្សអាល្លឺម៉ង់ Borussia Dortmund។

កីឡាករវ័យ២០ឆ្នាំរូបនេះ បានចំណាយពេលជាងពាក់កណ្ដាលសម្រាប់កុងត្រាខ្ចីជើងជាមួយនឹង Dortmund ពីក្លឹបអធិរាជស ហើយដណ្ដើមបានកៅអីជម្រើសដំបូងនៅក្លឹបអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Lucien Favre។

តាមពិតទៅ Hakimi ត្រូវបានតម្រូវឲ្យលេងជាខ្សែការពារ ប៉ុន្ដែ រូបគេត្រូវបានប្រើជាខ្សែប្រយុទ្ធស្លាបឆ្វេង នៅក្នុងការប្រកួតទល់នឹងក្រុម Slavia Prague កាលពីពាក់កណ្ដាលកន្លងទៅ ហើយកីឡាករសញ្ជាតិម៉ារ៉ុករូបនេះ បានរកគ្រាប់បាល់២គ្រាប់ ក្នុងការប្រកួតជ័យជំនះ ២-០ នេះផងដែរ។

ក្រោយចប់ការប្រកួត អតីតកីឡាករថ្នាលរបស់ Real រូបនេះបាននិយាយថា៖ “ខ្ញុំមិននិយាយកុហកនោះទេ ខ្ញុំពិតជាចង់ជោគជ័យនៅទីនោះ[Real Madrid]។ ខ្ញុំបានធំធាត់នៅ Madrid វាជាក្លឹបដែលខ្ញុំចាត់ទុកថាជាផ្ទះ ហើយខ្ញុំប្រឹងប្រែងអភិវឌ្ឍខ្លួន ជាកីឡាករមួយរូបនៅទីនោះ ប៉ុន្ដែបើសិនជាមិនដូច្នោះទេ ខ្ញុំនឹងស្វែងរកជោគជ័យនៅកន្លែងផ្សេង។

“នាពេលនេះ ខ្ញុំបានត្រឹមតែផ្ដោតទៅលើការប្រកួតនីមួយៗ ហើយប្រឹងលេងតាមសមត្ថភាពដែលខ្ញុំអាចធ្វើទៅបាន។ រដូវក្ដៅបន្ទាប់ យើងនឹងបានឃើញថាតើនឹងមានអ្វីកើតឡើង។”

ប្រភព៖ Be Soccer