រឿងហេតុ​អ៊ីចឹង​សោះ! Sarri ថា​ហៅ​ឲ្យ Kepa ផ្លាស់​ចេញ ព្រោះ​លោក​ភាន់ច្រឡំ​រឿង​មួយ

មាន​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ជា​ខ្លាំង​កាល​ពី​យប់មិញ ដោយ​ក្រៅ​ពី​បរាជ័យ​ការ​ប្រកួត​ហើយ ទៀត​សោត​លោក Maurizio Sarri ក៏​មិន​អាច​ប្រើ​នាម​ជា​គ្រូ​បង្វឹក​បង្គាប់​បញ្ជា​លើ​អ្នកចាំទី Kepa បាន​អំឡុង​ការ​ស៊ុត​បាល់​ប៉េណាល់ទី។

Sarri មិន​អាច​ហៅ​ Kepa ឲ្យ​ផ្លាស់​ចេញ​ជំនួស​អ្នកចាំទី​ដៃ​ទី​ពីរ​របស់​តោ​ខៀវ​បាន​នោះ​ទេ ក្រោយ​អតីត​កីឡាករ​នៅ Bilbao បាន​បដិសេធ។ យ៉ាងណាមិញ​ក្រោយ​បិទ​ការ​ប្រកួត​លោក Sarri បាន​ប្រាប់ Sky Sports ថា​វា​ជា​រឿង​ភាន់ច្រឡំ​ធ្ងន់ធ្ងរ​បំផុត។

លោក​បញ្ជាក់​ថា៖ “ស្ថានភាព Kepa? គ្រា​នោះ​ជា​រឿង​យល់​ច្រឡំ​ទេ ដោយ​ខ្ញុំ​ដំបូង​ឡើយ​ដូច​មើល​ឃើញ​ថា​គាត់​មាន​បញ្ហា​ឈឺ​ចុកចាប់​រាងកាយ និង​មិន​អាច​បន្ត​លេង​ទៀត​បាន ប៉ុន្តែ​ក្រោយ​មក​ទើប​ខ្ញុំ​ដឹង​ថា​អត់​មាន​បញ្ហា​អី​សម្រាប់​គាត់ ​ក្រោយ​ពេល​ក្រុម​គ្រូ​ពេទ្យ​ដើរ​មក​ប្រាប់​នៅ​ប៉ុន្មាន​នាទី​ក្រោយ​កើត​រឿង​នោះ”។

អតីត​អ្នកចាត់ការ​នៅ Napoli រូប​នេះ​សង្កត់​ធ្ងន់​ថា៖ “ការ​ព្យួរ​ឈ្មោះ Kepa? អត់​ទេ​យើង​បាន​ពន្យល់​បញ្ហា​នេះ​ជាមួយ​គ្នា​រួច​ហើយ ដោយ​ឡែក​សម្រាប់​រឿង​ទៅ​ថ្ងៃ​មុខ គឺ​ទាក់ទង​ជាមួយ​នឹង​ក្លឹប យ៉ាងណាមិញ​ខ្ញុំ​មោទនភាព​នឹង​កីឡាករ​របស់​ខ្ញុំ ដែល​យើង​លេង​បាន​យ៉ាង​ល្អ​ប៉ះ​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អឺរ៉ុប”។

ប្រភព: Calciomercato

មតិយោបល់