លោក Emery បង្ហាញហេតុផលដ៏ចម្លែកមួយ ចំពោះការផ្លាស់ប្តូរ Ceballos ចេញ អំឡុងការប្រកួតស្មើជាមួយ Watford

លោក Unai Emery ដែលជាគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal បានបង្ហាញពីហេតុផលដ៏ចម្លែកមួយ និងបានអះអាងថាលោកសម្រេចចិត្តផ្លាស់ប្តូរ Dani Ceballos ចេញ អំឡុងពេលប្រកួតទល់នឹងក្រុម Watford គឺដោយសារតែអាកាសធាតុក្តៅពេក ។

គួររំលឹកថា Ceballos ត្រូវបានប្តូរចូលជំនួសវិញដោយកីឡាករ Joe Willock ខណ:បានធ្វើឲ្យអ្នកគាំទ្ររបស់ក្រុម Arsenal ជាច្រើនបានអាក់អន់ចិត្ត ជាមួយនិងការសម្រេចចិត្តផ្លាស់ប្តូរកីឡាករ ដែលបានខ្ចីជើងពីក្រុម Real Madrid រូបនេះ​ចេញ ។

មិនតែប៉ុណ្ណោះក្រុម Arsenal មានលទ្ធផលយកឈ្នះ ២-១ ហើយនៅពេលដែលកីឡាករ Ceballos ត្រូវបានចាកចេញពីទីលាន ក្រុម Watford មានឱកាសរកគ្រាប់បាល់តាមស្មើមកវិញតាមរយៈកីឡាករ Roberto Pereyra ដោយរក្សាលទ្ធផលរហូតដល់ចប់ការប្រកួត ។

ហើយយ៉ាងណាមិញដោយថ្លែងក្រោយចប់ការប្រកួតលោក Emery បាននិយាយថា ៖ “ ថ្ងៃនេះក្តៅណាស់ ។ យើងត្រូវការកីឡាករថ្មីចូលលេង ។ ខ្ញុំបានគិតពីរបៀប ដែលយើងអាចធ្វើឱ្យប្រសើរឡើងជាមួយកីឡាករកម្លាំងថ្មី ” ៕

ប្រភព: Daily Mail