លោក Emery ប្រាប់ក្រុមដែល Arsenal មិនចង់ជួបក្នុងការប្រកួតនៅ Premier League

លោក Unai Emery គ្រូបង្វឹករបស់ Arsenal បាននិយាយថា លោកមិនចង់លេងទល់នឹង Liverpool នោះទេ ប៉ុន្ដែលោកអះអាងថា Arsenal ត្រូវតែគិតវិជ្ជមាន នៅពេលដែលពួកគេត្រូវតតាំងជាមួយនឹងក្រុមជើងឯកអឺរ៉ុបនៅទឹកដី Anfield។

ក្រុមហង្សក្រហមឈរនៅកំពូលតារាង Premier League បណ្ដោះអាសន្ននៅសប្ដាហ៍នេះ បន្ទាប់ពីពួកគេបានយកឈ្នះក្រុម Norwich City និង Southampton សំរាប់២ប្រកួតដំបូងរបស់ពួកគេ ខណៈដែល Arsenal ក៏ទទួលបាន៦ពិន្ទុដូចគ្នាឈរនៅលេខ២ បន្ទាប់ពីបានយកឈ្នះ Newcastle និង Burnley។

ក្រុមទាំងពីរនឹងត្រូវតតាំងជាមួយគ្នា នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ហើយគ្រូបង្វឹកក្រុមកាំភ្លើងធំលោក Emery បានលើកឡើងថា Liverpool ជាគូប្រកួតដែលគួរអោយខ្លាច បើផ្អែកលើទម្រង់លេងបច្ចុប្បន្ន។

លោក Emery បាននិយាយថា៖ “សំរាប់យើង យើងមិនចង់លេងទល់នឹង Liverpool ទាល់តែសោះ។ យើងចង់ជ្រើសរើសមិនលេងទល់នឹងពួកគេ។ នេះពិតជាការប្រកួតប្រជែងរបស់ពួកយើង ជាការតេស្ដដ៏ល្អ។ សំរាប់អ្នកគាំទ្រ សំរាប់យើងទាំងអស់គ្នា ទៅទីនោះជាមួយ៦ពិន្ទុពិតជាល្អ។

“គោលដៅពិតប្រាកដរបស់យើង គឺត្រូវបន្ថយគំលាតពី Liverpoo, Manchester City, Tottenham និង Chelsea។ នៅពេលដែលយើងតតាំងជាមួយពួកគេ វាជាការប្រកួតប្រជែងធំមួយដើម្បីបង្ហាញពីអ្វីដែលយើងអាចធ្វើបាន។ នៅចុងសប្ដាហ៍នេះ វាជាការប្រកួតដ៏ល្អមួយ។”

ប្រភព៖ Sky Sports