លោក Solskjaer ចង់ឲ្យកីឡាករចំណូលថ្មីមួយរូបរបស់ Man United កាន់តំណែងជាប្រធានក្រុមរយៈពេលវែង

អ្នកចាត់ការក្លឹប Manchester United លោក Ole Gunnar Solskjaer បានគាំទ្រ Harry Maguire ក្នុងការកាន់តំណែងជាប្រធានក្រុម រយៈពេលវែង បន្ទាប់ពីបានពាក់ស្លាកប្រធានក្រុម ក្នុងការប្រកួតជ័យជំនះទល់នឹងក្រុម Brigton កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ។

ក្រុមបិសាចក្រហមបានទទួលជ័យជំនះ យ៉ាងងាយស្រួល នៅទឹកដី Old Trafford  ហើយខ្សែការពារកណ្ដាល Maguire បានរ៉ាប់រងតួនាទីជាប្រធានក្រុម បន្ទាប់ពី Ashley Young ត្រូវអវត្តមាន។

លោក Solskjaer បាននិយាយថា៖ “Harry ជាកីឡាករឆ្នើមនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ និង នៅលើទីលានប្រកួត។ គេអាចក្លាយជាប្រធានក្រុមរយៈពេលវែង។”

គួររំឮកថា នៅក្នុងការប្រកួតនោះ Andreas Pereira បានរកគ្រាប់បាល់នាំមុខសំរាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Ole Gunnar Solskjaer មុនពេលដែល Scott McTominay បានរួមចំណែកធ្វើឲ្យមានបាល់ own goal របស់ ខ្សែបម្រើ Davy Propper។

ខ្សែការពារ Lewis Dunk បានរកគ្រាប់បាល់វាយបកសំរាប់ក្រុម Brighton នៅនាទីទី៦៤ ប៉ុន្ដែ Marcus Rashford រកបានមួយគ្រាប់បន្ថែមទៀតសំរាប់ Man United បន្ដគំលាតពីរគ្រាប់ រហូតដល់ចប់ការប្រកួត។

សំរាប់លទ្ធផលនេះបានជម្រុញឲ្យ Man United ហក់មកកាន់លេខ៧ ក្នុងតារាង Premier League ដោយមានគំលាត៩ពិន្ទុ ពីក្រុមកំពូលទាំង៤ ខណៈដែល Brigton មាន១៥ពិន្ទុ ឈរនៅលេខ១១៕

អានអត្ថបទបន្ទាប់៖ Mourinho រិះគន់ចំៗទៅក្រុមរបស់ Pep ក្រោយ Man City បរាជ័យទល់នឹង Liverpool

លោក Jose Mourinho បានលើកឡើងថា គ្រូបង្វឹក Pep Guardiola បានរៀបចំក្រុមមិនបានល្អ សំរាប់ការប្រកួតរបស់ Manchester City ដែលបរាជ័យទល់នឹង Liverpool ដោយលទ្ធផល ៣-១ កាលពីយប់ថ្ងៃអាទិត្យនេះ។

Fabinho, Mohamed Salah និង Sadio Mane រកបានម្នាក់មួយគ្រាប់ ធានាបាន៣ពិន្ទុសំរាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Jurgen Klopp បើទោះបីជា Bernardo Silva រកបានមួយគ្រាប់វិញសំរាប់ Man City ក្ដី​ ហើយបច្ចុប្បន្នហង្សក្រហម បន្ដឈរនៅលើកំពូលតារាង Premier League និងមានគំលាតពីក្រុមរបស់លោក Pep Guardiola ដែលឈរនៅលេខ៤ ៩ពិន្ទុ។

ទោះបីជា Liverpool មិនបានបង្ហាញទម្រង់លេងល្អបំផុតរបស់ពួកគេក្ដី ប៉ុន្ដែតំបន់ការពាររបស់ក្រុមមេឃខៀវ ហាក់មិនមានទំនុកចិត្តសំរាប់ការប្រកួត ហើយលោក Mourinho យល់ថា ការរៀបចំក្រុមពុំបានត្រឹមត្រូវទើបធ្វើឲ្យពួកគេរងបរាជ័យ។

បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះ បានថ្លែងប្រាប់ Sky Sports ថា៖ “សូមបំភ្លេចការប្រកួតចុងក្រោយដែលខ្ញុំដឹកនាំលេងនៅទីនេះ ព្រោះប្រកួតចុងក្រោយដែលខ្ញុំលេងនៅទីនេះ ខ្ញុំចាញ់៣-១ ហើយខ្ញុំត្រូវបានបណ្ដេញចេញ។

“ប៉ុន្ដែក្រៅពីប្រកួតនេះ រាល់ការប្រកួតដែលខ្ញុំលេងទល់នឹង Liverpool ខ្ញុំដឹកនាំក្រុមដែលមិនល្អដល់ Liverpool នោះទេ ខ្ញុំតែងតែខ្វាយខ្វល់អំពីចំងាយរវាង ខ្សែការពារទាំង៤នៅក្នុងក្រុម។ នៅពេលដែលក្រុមមាន [Roberto] Firmino, Salah និង Mane អ្នកត្រូវតែលេងច្រើនជាងមុន ជាមួយនឹងចន្លោះជិតៗគ្នារវាង ខ្សែការពារទាំង៤របស់អ្នក។

“Liverpool រកគ្រាប់បាល់បានពីរគ្រាប់ដែល មួយគ្រាប់រវាង [Kyle] Walker និង [John] Stones ហើយមួយគ្រាប់ទៀត រវាង Fernandinho និង Angelino។ ខ្ញុំមិនអាចនិយាយអ្វីច្រើនលើសពីនេះឡើយ។”

នៅពេលត្រូវបានសួរថាតើគាត់គិតថា គ្រាប់បាល់ដែល City របូតទាំងនោះ អាចជៀសវាងបានឬយ៉ាងណា, លោក Mourinho បានឆ្លើយយ៉ាងខ្លីថា៖ “សំរាប់ខ្ញុំ មែនហើយ។ វាគឺពិបាកណាស់។ វាពិតជាពិបាក ប៉ុន្ដែអ្នកត្រូវតែព្យាយាម។”

គួរបញ្ជាក់ថា Liverpool បានយកឈ្នះក្រុម Manchester City ដោយលទ្ធផល ៣-១ នៅទឹកដី Anfield សំរាប់ការប្រកួតកាលពីយប់ម៉ិញ ដែលបានជំរុញឲ្យពួកគេកាន់តែមានសង្ឃឹមក្នុងការឈ្នះពាន Premier League។

ខ្សែបម្រើ Fabinho បានរកគ្រាប់បាល់បើកឆាកសំរាប់ក្រុមម្ចាស់ផ្ទះ ហង្សក្រហម ដោយការស៊ុតពីចំងាយ ផុតដៃអ្នកចាំទី Caudio Bravo ប៉ុន្ដែគ្រាប់បាល់នេះ មានភាពចំរូងចំរាស់ ដោយ Man City គួរតែទទួលបានបាល់ប៉េណាល់ទី នៅមុននេះបន្ដិច នៅពេលដែលបាល់ប៉ះដៃ ខ្សែការពារ Trent Alexander-Arnold នៅតំបន់គ្រោះថ្នាក់។

តារាឆ្នើម Mohamed Salah រកបានមួយគ្រាប់បន្ថែមទៀតសំរាប់ Liverpool នៅនាទីទី១៣ បន្ទាប់ពីមានការកាត់បានយ៉ាងល្អពីស្លាបខាងឆ្វេងរបស់ ខ្សែការពារ Andy Robertson មុនពេលដែល Sadio Mane តែតបញ្ចូលទីគ្រាប់ទី៣ ពេលចាប់ផ្ដើមតង់ទី២បាន៦នាទី។

ប្រភព៖ Goal